រដ្ឋ​មន្ត្រី​​ក្រ​សួង​​ប​រិ​ស្ថាន​​ចង់​ឱ្យ​​យុវ​ជន​​ផ្លាស់​ប្តូរ​​ទម្លាប់​ ​ដើម្បី​​ទប់​ស្កាត់​​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​​

28-06-2016 11:30 am

​ក្រសួង​បរិស្ថាន បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​យុវជន ឱ្យ​ចូលរួម​ទប់ស្កាត់ ក្នុង​ការឆ្លើយតប​ទៅនឹង​​ការ​​ប្រែ​​ប្រួ​ល​​​​អា​​កា​ស​ធាតុ ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​សង្គម ដើម្បី​ធានា​និរន្តរភាព បរិស្ថាន ភពផែនដី នាពេល​អនាគត​។ នេះ​​​បើ​​​តាម​​​ការ​​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កម្ពុជា​។​

 

​ការលើកទឹកចិត្ត​នេះ ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ សម្រាប់​យុវជន នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ នៅក្នុង​សិក្ខាសាលា​នេះដែរ លោក​សាយ សំ​អាល់​​ ​​រដ្ឋ​មន្ត្រី​​ក្រសួង​បរិស្ថាន បាន​មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ រាជរដ្ឋាភិបាល​ចង់ឱ្យ​យុវជន​ចូលរួម ក្នុង​ការផ្លាស់ប្តូរ​ទម្លាប់​ក្នុង​ការរស់នៅ ដូចជា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ តាមរយៈ​ការប្រើប្រាស់ ដោយ​សន្សំសំចៃ​ថាមពល​អគ្គិសនី នៅ​គ្រប់​ទីកន្លែង ទាំង​នៅ​តាម​គេហដ្ឋាន សាលារៀន ជាពិសេស​កាត់បន្ថយ ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់​។

 

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​រូបនេះ បានបញ្ជាក់​ថា​ការចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​គឺជា​ការចូលរួម​ដ៏​សំខាន់​មួយ ខណៈពេល​ដែល​កំណើន​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់ នៅ​ក្នុង​បរិយាកាស ធ្វើឱ្យ​មាន​កំណើន​កម្តៅ​ផែនដី ការប្រែប្រួល​របប​ទឹកភ្លៀង ការកើនឡើង​កំពស់​នីវ៉ូ​ទឹកសមុទ្រ បញ្ហា​ខ្វះ​ទឹក គ្រោះរាំងស្ងួត បាន​ជះឥទ្ធិពល ជា​អវិជ្ជមាន​ដល់​មុខរបរ​កសិកម្ម និង​ជីវៈចម្រុះ ដែល​គម្រាមកំហែង​ដល់​សុខភាព មនុស្ស សត្វ រុក្ខជាតិ ពិសេស​គឺ​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។​

 

​ជា​ការកត់សម្គាល់​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គេ​សង្កេតឃើញថា អាកាសធាតុ​មាន​ការប្រែប្រួល ដែល​នេះ​ជា​ហេតុ​ធ្វើឲ្យ​ប្រទេស​មួយចំនួន​មាន​ការព្រួ​យ​បារម្ភ ហើយ​ប្រទេស​មហាអំណាច​មួយចំនួន​បាន​ប្តេ​ជា្ញ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ផ្ទះ​កញ្ចក់ ពីព្រោះ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នេះ​មាន​កំណើន​កំហាប់​នៅក្នុង​បរិយាកាស ធ្វើឱ្យ​មាន​កំណើន​កម្តៅ​ផែនដី ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​ការប្រែប្រួល​អាកាសធាតុ​៕ ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  សាយ​ សំអាល់

ព័ត៌មានផ្សេងទៀត