បទ​វិភាគ៖ តើ​បក្ស​ប្រជាជន​មាន​ការ​វិវឌ្ឍន៍​និង​ប្រែ​ធាតុ​បែប​ណា​ក្រោយ​កាន់​អំណាច​ជិត​៤០​ឆ្នាំ?

ដោយ ជុន ច័ន្ទបុត្រ
2016.01.07
ខួប​៧​មករា​លើក​ទី​៣៧ ៦២០ ពិធី​ខួប​ថ្ងៃ​៧ មករា លើក​ទី​៣៧ នៃ​ថ្ងៃ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​របប​ខ្មែរ​ក្រហម ប្រារព្ធ​នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។
RFA/Brach Chev

គិត​មក​ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦ នេះ ប្រទេស​កម្ពុជា ត្រូវ​បាន​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន ៣៧​ឆ្នាំ​គត់​ហើយ។ ថ្វីត្បិតតែ​មាន​ដើម​កំណើត​ពី​គណបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​បង្កើត​ឡើង​ដោយ លោក ហូ ជីមិញ នៅ​ឆ្នាំ​១៩៣០ គណបក្ស​នេះ​បាន​បំបែក​ខ្លួន​ចេញ​ដោយឡែក​វិញ​នៅ​ឆ្នាំ​១៩៥១ ហើយ​បាន​យក​ឈ្មោះ​ថា “គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ”។ នា​ដំណាក់​កាល​នោះ គោលដៅ​ចម្បង​របស់​គណបក្ស គឺ​តស៊ូ​ប្រឆាំង​នឹង​អាណានិគម​និយម​បរទេស ហើយ​មាន​មនោគមវិជ្ជា​នយោបាយ​ផ្អែក​លើ​ទ្រឹស្ដី​កុម្មុយនីស្ត​របស់ កាល់ ម៉ាក្ស។

គណបក្ស​នេះ បាន​ផ្លាស់ប្ដូរ​សារធាតុ និង​ឈ្មោះ​ជា​ញឹកញយ​ឲ្យ​ស្រប​ទៅ​នឹង​ស្ថានការណ៍​ក្នុង​ប្រទេស និង​ចរន្ត​នយោបាយ​អន្តរជាតិ។ ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​គេ​ហៅ​មក​ទល់​សព្វថ្ងៃ​នេះ ត្រូវ​បាន​ផ្លាស់ប្ដូរ​ជា​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៩១ ក្នុង​រយៈកាល​នៃ​ការ​បង្រួបបង្រួម​ជាតិ និង​ការ​បោះ​ឆ្នោត​ជា​សាកល​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ។

ប្រសិន​បើ លោក កាល់ ម៉ាក្ស បាន​រស់​មាន​ជីវិត​មក​ដល់​សព្វថ្ងៃ ហើយ​បាន​ឃើញ​ការ​វិវឌ្ឍន៍​នា​ពេល​បច្ចុប្បន្ន​នេះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​ប្រហែល​ជា​ពិបាក​នឹង​ជឿ​ថា គណបក្ស​ដែល​ពី​ដំបូង​ឡើយ​បង្កើត​ឡើង​ដោយ​យក​ទ្រឹស្ដី​កុម្មុយនីស្ត​របស់​លោក​ជា​មូលដ្ឋាន​នោះ បាន​ប្រែ​ក្លាយ​ទៅ​ជា​គណបក្ស​មួយ​ដែល​ចាត់​ទុក​ផែនការ​អភិវឌ្ឍន៍​ភាគ​ច្រើន ជា​មុខ​របរ​ស្វែងរក​ប្រាក់​ដាក់​ហោប៉ៅ​បុគ្គល ក្រុម បក្ស ឬ​ក៏​ដើម្បី​បាន​ផល​ចំណេញ​របស់​គណបក្ស​ជា​ធំ និង​រក​ចំណូល​បាន​ពី​ការ​កាប់​ព្រៃ​ឈើ​ពី​ការ​ចម្រាញ់​ផល​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ខូចខាត​បរិស្ថាន និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពី​បឹង ស្ទឹង ទន្លេ បែប​នេះ​ណាស់។

អ្វី​ដែល​លោក​អាច​ពិបាក​ស្មាន​ដល់​ទៀត​នោះ គឺ​ថ្នាក់​ដឹក​នាំ​គណបក្ស បាន​ប្រែ​ក្លាយ​ពី​ក្រុម​សមមិត្ត​សមមិត្ត​នារី ទៅ​ជា​ក្រុម​សម្ដេច ឯកឧត្តម លោក​ជំទាវ អ្នក​ឧកញ៉ា មហា​សេដ្ឋី ប្រាសចាក​ទាំង​ស្រុង​ទៅ​នឹង​ទ្រឹស្ដី​កុម្មុយនីស្ត ដែល​ជួរ​អ្នក​ដឹក​នាំ​បក្ស ជា​កម្មករ កសិករ វណ្ណៈ​អធន​នោះ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) លោក ប៊ួន ណារិទ្ធិ ចង្អុល​បង្ហាញ​ឆ្នេរ​សមុទ្រ​ដែល​ត្រូវ​បាន​ហ៊ុមព័ទ្ធ​របង នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​អង្គារ ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥។
មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) លោក ប៊ួន ណារិទ្ធិ ចង្អុល​បង្ហាញ​ឆ្នេរ​សមុទ្រ​ដែល​ត្រូវ​បាន​ហ៊ុមព័ទ្ធ​របង នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​អង្គារ ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Den Ayuthyea

តាម​ពិត លទ្ធិកុម្មុយនីស្ដ​មាន​ទិសដៅ​បំបាត់​ចោល​នូវ​វណ្ណៈ​អភិជន ដែល​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ ដើម្បី​ដក​ហូត​យក​ទ្រព្យ​សម្បត្តិ​ដីធ្លី ដែល​ពួក​គេ​កាន់​កាប់​ត​ពូជ​ទាំង​នោះ យក​ទៅ​បែង​ចែក​ដល់​ជន​ក្រីក្រ​ឲ្យ​បាន​ទទួល​ភាគ​ផល​ស្មើៗ​គ្នា​នៅ​ក្នុង​សង្គម។ ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន ថ្វី​តែ​អ្នក​ខ្លះ​ក៏​មាន​អតីត​ភាព​ជា​កសិករ​កម្មករ​ក្រក្រី ដូច​ទ្រឹស្ដី​កុម្មុយនីស្ត​បាន​ចែង​មែន តែ​បន្ទាប់​ពី​បាន​កាន់​អំណាច​ជិត​កន្លះ​សតវត្ស​មក​នេះ ឥទ្ធិពល​នៃ​អំណាច បូក​នឹង​ទឹក​លុយ បាន​ប្រែ​ក្លាយ​ពួក​គាត់​ឲ្យ​ទៅ​ជា​មហា​សេដ្ឋី​តែ​រៀងៗ​ខ្លួន ទៅ​ណា​មក​ណា​មាន​អង្គរក្ស​មាន​ខ្ញុំ​បម្រើ​ហែហម​ឆ្វេង​ស្តាំ មាន​ទ្រព្យ​សម្បត្តិ​ប្រាក់​កាស​ហូរហៀរ មាន​ដីធ្លី​នៅ​មិន​អស់ ហើយ​ព័ទ្ធ​របង​ទុក​រាប់​សិប ឬ​ខ្លះ​ដល់​រាប់​រយ​ហិកតារ ខណៈ​ដែល​កសិករ​មួយ​ចំនួន​ធំ​រក​អង្ករ​ច្រក​ឆ្នាំង​មិន​ចង់​គ្រប់ និង​រក​ដី​មួយ​ដុំ​ធ្វើ​ស្រែ​មិន​ចង់​បាន​នោះ។ ពួក​គាត់​មាន​ភូមិគ្រឹះ​សម្រាប់​រស់នៅ​ក្នុង​ក្រុង ក្រៅ​ក្រុង រហូត​ភូមិគ្រឹះ​សម្រាប់​ទៅ​កម្សាន្ត​ម្តងម្កាល​នៅ​មាត់​សមុទ្រ​ទៀត​ផង ខណៈ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង​ទាំង​បង្ខំ រក​តែ​ដំបូល​ជ្រក​មួយ​មិន​ចង់​បាន​នោះ។ ទីបំផុត​ទៅ ពួក​គាត់​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ជាង​ពួក​ក្រុម​វណ្ណៈ​អភិជន ដែល​ពួក​គាត់​ចង់​រំលាយ​ចោល​ពី​ដំបូង​នោះ​ទៅ​វិញ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ប្រភព​ចេញ​ពី​គណបក្ស​កុម្មុយនីស្ត ដើម្បី​ជួយ​លើក​ស្ទួយ​កម្មករ​កសិករ​ក្រក្រី​នោះ ក៏​ក្លាយ​ទៅ​ជា​គណបក្ស​របស់​អ្នក​មាន​មួយ​ក្រុម ដែល​ភាគ​ច្រើន​ជាប់​សាច់​សាលោហិត ឬ​ក៏​ជាប់​សាច់​ឈាម​ជា​ដន្លង​ដង​ស្នែង​នឹង​គ្នា​ទៀត​ផង។

របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) រក​ឃើញ​ថា នៅ​កម្ពុជា ក្រុម​អ្នក​មាន​ប្រមាណ ២០​ភាគរយ កំពុង​ក្តោប​ក្តាប់​ជាង​ពាក់​កណ្ដាល​នៃ​ធនធាន​សរុប​ក្នុង​ប្រទេស​ទាំង​មូល។

ថ្វីត្បិតតែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​បោះបង់​ចោល​គំរូ​លទ្ធិកុម្មុយនីស្ដ​របស់ លោក កាល់ ម៉ាក្ស ហើយ​ថា​ដឹក​នាំ​ប្រទេស​ដោយ​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​យ៉ាង​ណា​ក៏ដោយ ទាំង​អ្នក​នយោបាយ​ដែល​មិន​ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​អ្នក​វិភាគ និង​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា នៅ​តែ​ចាត់​ទុក​ថា គណបក្ស​នេះ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​បែប​កុម្មុយនីស្ត ហើយ​បាន​ដឹក​នាំ​ប្រទេស​តាម​របៀប​ផ្ដាច់​ការ។

មក​ដល់​ត្រង់​នេះ យើង​នឹង​សិក្សា​មើល​ថា តើ​របប​បែប​ណា​ដែល​អាច​ចាត់​ទុក​ថា​ជា​របប​ផ្តាច់​ការ​នោះ។ អ្នក​ស្រាវជ្រាវ និង​អ្នក​វិទ្យាសាស្ត្រ​នយោបាយ បាន​ប្រៀបធៀប​យ៉ាង​សាមញ្ញ​ថា របប​ផ្តាច់​ការ គឺ​ជា​របប​ណា​ដែល​មិន​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

ចុះ​តើ​របប​បែប​ណា ដែល​អាច​ចាត់​ទុក​ថា ជា​របប​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ? លោក សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ គ្រីស្តូហ្វ ស្តែហ្វី (Christoph Stefes) នៃ​សាកលវិទ្យាល័យ កូឡូរ៉ាដូ (The University of Colorado) នៃ​សហរដ្ឋ​អាមេរិក ពន្យល់​យ៉ាង​ងាយ​ថា ប្រជាធិបតេយ្យ គឺ​ជា​ប្រព័ន្ធ​មួយ​ដែល​ផ្តល់​លទ្ធភាព​ជា​ចំហ​ឲ្យ​មនុស្ស​ទូទៅ អាច​ប្រកួត​ប្រជែង​ឡើង​កាន់​អំណាច​បាន​តាម​ការ​ជ្រើសរើស​ដោយ​សេរី និង​យុត្តិធម៌។

លោក​បញ្ជាក់​ថា រីឯ​នៅ​ក្នុង​របប​ផ្តាច់​ការ​វិញ គេ​ប្រើប្រាស់​វិធី​បី​យ៉ាង​ជា​សំខាន់​ក្នុង​ការ​ដណ្ដើម និង​គ្រប់គ្រង​អំណាច។ នោះ គឺ​វិធី​សម្លុត វិធី​ទិញ និង​វិធី​ច្បាប់។ លោក​សាស្ត្រាចារ្យ គ្រីស្តូហ្វ ស្តែហ្វី ពន្យល់​ថា ជួន​កាល​មេ​ដឹក​នាំ​ផ្តាច់​ការ​ប្រើ​វិធី​សម្លុត​គំរាម​ជា​ចំហ​តែ​ម្តង តាម​ការ​វាយ​កម្ទេច​បាញ់​ប្រហារ​ក្រុម​បាតុករ ដែល​ហ៊ាន​ងើប​បះបោរ។ លោក​បន្ត​ថា ក៏ប៉ុន្តែ​ជួន​កាល មេ​ដឹក​នាំ​កាន់​អំណាច​ផ្តាច់​ការ គេ​ក៏​ប្រើ​វិធី​ទន់ភ្លន់​មិន​សម្លុត​គំរាម​ដោយ​ប្រើ​កម្លាំង​អាវុធ​ទេ តែ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​ទោស​ទណ្ឌ​ក្រុម​ប្រឆាំង ឬ​អ្នក​កាសែត​ណា​ដែល​ហ៊ាន​សរសេរ​រិះគន់​រដ្ឋាភិបាល។

ចំពោះ​វិធី​ទិញ​វិញ លោក​ថា មេ​ដឹក​នាំ​ផ្តាច់​ការ​ទាក់ទាញ​ឲ្យ​មាន​ការ​គាំទ្រ​ខ្លួន​ដោយ​ទិញ​នឹង​លុយ​ត្រង់​តែ​ម្តង ឬ​ក៏​តាម​រយៈ​ការ​ផ្តល់​ឱកាស និង​មុខ​តំណែង។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់​ទៀត​នៃ​សាកលវិទ្យាល័យ បើគ័រលី នៃ​ក្រុង​ឡូសអង់ហ្សឺឡេស (UCLA) នៃ​សហរដ្ឋ​អាមេរិក អ្នកស្រី បាបារ៉ា ហ្គីឌី (Barbara Geddes) នៅ​ក្នុង​បទ​បង្ហាញ​របស់​អ្នកស្រី​មួយ​ក្រោម​ចំណង​ជើង​ថា “ហេតុ​អ្វី​បាន​ជា​មាន​ការ​បោះ​ឆ្នោត​នៅ​ក្នុង​របប​ផ្តាច់​ការ?” ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា នៅ​ក្នុង​របប​ផ្តាច់​ការ គេ​ប្រើប្រាស់​គណបក្ស​ជា​ឧបករណ៍​មួយ ដើម្បី​ពង្រីក​បណ្ដាញ​ផ្សព្វផ្សាយ​មនោគមវិជ្ជា​របស់​គណបក្ស តាម​រយៈ​ការ​ផ្តល់​ផល​ប្រយោជន៍​ដើម្បី​ទិញ​ទឹក​ចិត្ត ទាក់ទាញ​ការ​គាំទ្រ​ក្នុង​ចំណោម​មហា​ជន។

អ្នក​ភូមិ​ឡពាង​ប្រមាណ ៣០នាក់ នាំ​គ្នា​រែក​ចាន​ឆ្នាំង មុង​ភួយ ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​មក​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ ២០១៤។
អ្នក​ភូមិ​ឡពាង​ប្រមាណ ៣០នាក់ នាំ​គ្នា​រែក​ចាន​ឆ្នាំង មុង​ភួយ ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​មក​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ ២០១៤។
RFA/Chin Chetha

អ្នក​ដែល​សកម្ម​បម្រើ ហើយ​ស្មោះ​ស្ម័គ្រ​ប្ដូរ​ផ្តាច់​ជាមួយ​បក្ស និង​មេ​គណបក្ស ត្រូវ​បាន​គេ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ដូចជា ទទួល​លាភ​សក្ការៈ និង​បាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​បាន​ទទួល​ប្រាក់​ខែ​រដ្ឋ ជាដើម។ ពួក​គាត់​ជាទូទៅ ទទួល​បាន​នូវ​ឱកាស​ច្រើន​ជាង​អ្នក​ដទៃ​ក្នុង​ការ​ធ្វើ​ជំនួញ ឬ​ក្នុង​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ជាដើម។ អ្នកស្រី​បន្ត​ថា គឺ​ដោយ​ពួក​គេ​បាន​ផល​ប្រយោជន៍​ពី​គណបក្ស​ដូច្នេះ​ហើយ បាន​ជា​ពួក​គេ​ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​រក្សា​ឲ្យ​គណបក្ស​បាន​បន្ត​កាន់​អំណាច និង​ជួយ​ការពារ​មេ​គណបក្ស ជា​ការ​តប​ស្នង​សង​គុណ​ដល់​គណបក្ស និង​មេ​គណបក្ស ដែល​ពួក​គេ​ជំពាក់​គុណ​ទៅ​លើ ក្នុង​ការ​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាន​ទទួល​បុណ្យ​ស័ក្ដិ លាភ​សក្ការៈ​ទាំង​នោះ។

ចំពោះ​កា​ប្រើ​វិធី​ច្បាប់​វិញ លោក​សាស្ត្រាចារ្យ​លើក​ឡើង​ថា មេ​ដឹក​នាំ​របប​ផ្តាច់​ការ​ត្រូវ​ការ​ភាព​ស្រប​ច្បាប់ ជាង​មេ​ដឹក​នាំ​របប​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ត្បិត​មេ​ដឹក​នាំ​ប្រជាធិបតេយ្យ​ភាគ​ច្រើន ឡើង​កាន់​អំណាច​តាម​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ រីឯ​មេ​ដឹក​នាំ​ផ្តាច់​ការ​វិញ ឡើង​កាន់​អំណាច​តាម​កម្លាំង​បាយ ឬ​បើ​ឡើង​តាម​ការ​បោះ​ឆ្នោត​វិញ ក៏​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​កេង​បន្លំ ឬ​ទិញ​សន្លឹក​ឆ្នោត ជាដើម។ លោក​បាន​លើក​ឡើង​ថា នៅ​មាន​ទម្រង់​ដទៃ​ទៀត​ដែល​មេ​ដឹក​នាំ​របប​ផ្តាច់​ការ​និយម​យក​ទៅ​ប្រើ ដើម្បី​ដណ្ដើម​ភាព​ស្រប​ច្បាប់​ដែរ ដូចជា បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ណា​មួយ​ក្នុង​សង្គម រួច​រដ្ឋាភិបាល​ចេញ​មុខ​បង្ក្រាប ឬ​ក៏​ប្រើ​សន្លឹក​បៀ​ជាតិ​និយម មាន​ការ​លើក​យក​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​មក​ដោះស្រាយ ដើម្បី​កេង​ចំណេញ​នយោបាយ និង​ដើម្បី​ទាក់ទាញ​ឲ្យ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ជាដើម។

គឺ​នៅ​ក្នុង​គោល​បំណង​ស្វែងរក​ភាព​ស្រប​ច្បាប់ និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នេះ​ដែរ លោក​សាស្ត្រាចារ្យ​សរសេរ​ថា មេ​ដឹក​នាំ​ផ្តាច់​ការ តែង​លើក​យក​ការ​រីក​ចម្រើន​ក្រោម​ការ​ដឹក​នាំ​នៃ​របប​ខ្លួន មក​ឃោសនា​ម្តង​ហើយ​ម្តង​ទៀត ទោះ​បី​ជា​មិន​មាន​ការ​រីក​ចម្រើន​ពិត​ប្រាកដ ឬ​ក៏​ការ​រីក​ចម្រើន​ទាំង​នោះ មិន​បាន​មក​ពី​គោល​នយោបាយ​ដឹក​នាំ​របស់​ខ្លួន​ក៏ដោយ។

របាយការណ៍​ធនាគារ​ពិភពលោក អំពី​ភាព​ក្រីក្រ​នៅ​កម្ពុជា បង្ហាញ​ថា អត្រា​នៃ​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០១១ មាន​ចំនួន ២០,៥% គឺ​ថយ​ចុះ​ពី ៥៣% នៅ​ឆ្នាំ​២០០៤។ ដោយ​ផ្អែក​ទៅ​តួលេខ​នេះ រដ្ឋាភិបាល​បាន​លើក​ឡើង​ពី​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​បញ្ញា​ញាណ​ដ៏​ឈ្លាសវៃ ដែល​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ជាង​ពាក់​កណ្ដាល​ក្នុង​រយៈពេល ៧​ឆ្នាំ។ ចំពោះ​អ្នក​សេដ្ឋកិច្ច​វិញ ពួក​គេ​នៅ​តែ​ចាត់​ទុក​ថា ស្ថានភាព​ក្រីក្រ​នៅ​តែ​ជា​បញ្ហា​ចម្បង​នៅ​កម្ពុជា។ ថ្វីត្បិតតែ​អត្រា​នៃ​ភាព​ក្រីក្រ​ចុះ​ថយ​មែន តែ​ចំនួន​អ្នក​ក្បែរ​ក្រ គឺ​មាន​ន័យ​ថា អ្នក​ដែល​នៅ​លើ​បន្ទាត់​ក្រីក្រ​តែ​បន្តិច មាន​ចំនួន​ដល់​ទៅ ៨,១​លាន​នាក់។ បើ​បូក​បញ្ចូល​ទាំង​អ្នក​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ២០,៥% ដែល​ស្មើ​នឹង ៦,៩​លាន​នាក់ យើង​នឹង​ឃើញ​ថា អ្នក​ក្រ និង​អ្នក​ជិត​ក្រ​នៅ​កម្ពុជា មាន​ចំនួន ១៥​លាន​នាក់​ក្នុង​ចំណោម​ប្រជាជន​ពលរដ្ឋ​សរុប​ចំនួន ១៥,៦​លាន​នាក់។

គឺ​ដោយ​មាន​អ្នក​ក្រ និង​អ្នក​ជិត​ក្រ​ស្ទើរ​តែ​មួយ​ប្រទេស អ្នក​ដែល​ត្រូវ​គេ​រឹប​អូស​យក​ដី​ផ្ទះ​សម្បែង​ស្ទើរ​នៅ​គ្រប់​ខេត្ត-ខណ្ឌ អ្នក​ដែល​រងគ្រោះ​នូវ​អំពើ​អយុត្តិធម៌​សង្គម​រាប់​មិន​អស់​នេះ​ហើយ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ងើប​បះបោរ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​កន្លែង ទៅ​នឹង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​កាន់​អំណាច​អស់​រយៈពេល ៣៧​ឆ្នាំ​កន្លង​មក​នេះ។

ស្ថានភាព​នៃ​ការ​ងើប​តស៊ូ​ប្រឆាំង​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ អាច​ជួយ​ឲ្យ លោក កាល់ ម៉ាក្ស មិន​សូវ​ភ្ញាក់​ផ្អើល​ពេក ប្រសិន​បើ​លោក​បាន​ឃើញ​ស្ថានការណ៍​នៅ​កម្ពុជា ផ្ទាល់​ភ្នែក​លោក ត្បិត​វា​ស៊ី​គ្នា​ទៅ​នឹង​ទ្រឹស្ដី​កុម្មុយនីស្ត ដែល​ចែង​ថា “ទី​ណា​មាន​ការ​ជិះ​ជាន់ ទី​នោះ​មាន​ការ​រើ​បម្រះ”៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។