ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ថា ចំណារខ្លួនលើព្រះរាជសារព្រះមហាក្សត្រមិនខុសរដ្ឋធម្មនុញ្ញ
×
ពីពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ព្រឹកនេះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ចំណាររបស់លោកលើព្រះរាជសាររបស់ព្រះមហាក្សត្រនោះ គឺមិនខុសនោះទេ ដោយសារតែរដ្ឋធម្មនុញ្ញមិនបានចែងហាមឃាត់ឡើយ ហើយវាក៏ជាទម្លាប់កិច្ចការងាររបស់លោកដែរ។ ប្រមុខរដ្ឋាភិបាល បានថ្លែងបែបចំអកវិញថា បើសិនជាអ្នករិះគន់ចាត់ទុកការចារលើព្រះរាជសារព្រះមហាក្សត្រខុសនោះ ពួកគេអាចនាំគ្នាទៅសួរព្រះមហាក្សត្រដោយផ្ទាល់បាន។
នាយករដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំចារខាងក្រោមបញ្ជូនមកសម្ដេច ស ខេង នោះមិនអស់ ទើបទៅចារនៅខាងលើ ដូចនេះតើវាជាការប្រមាថដល់ព្រះមហាក្សត្រទេ។ លោកឯងនៅពេលព្រះមហាក្សត្រកោះប្រជុំលោកឯងមិនចូលប្រជុំនោះ តើនោះមានទោសប្រមាថព្រះមហាក្សត្រដែរទេ?...ហើយនេះជារបៀបធ្វើការរបស់ ហ៊ុន សែន លើកលែងតែរដ្ឋធម្មនុញ្ញបានចែងហាមឃាត់ ទើបខ្ញុំឈប់ធ្វើ»។
សូមបញ្ជាក់ថា ចំណារបស់សម្តេច ហ៊ុន សែន នៅលើព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារយ៉ាងនេះថា៖ ជូនសម្តេចក្រឡាហោម ស ខេង។ សូមឲ្យមានការស្រាវជ្រាវស្នាមមេដៃនេះតាមរយៈ៖ ការធ្វើកោសល្យវិច្ច័យ ការស្រាវជ្រាវពីប្រជាជនដោយផ្ទាល់ ឬមធ្យោបាយផ្សេងទៀត ដែលអាចរកឃើញនូវភាពត្រឹមត្រូវ។ អាស្រ័យដោយស្នាមេដៃនេះទាក់ទងដល់ប្រជាជនផង សុំសម្តេចក្រឡាហោមរៀបចំឲ្យមានការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទាំងប្រជាជន ជាពិសេសបោកទាំងព្រះមហាក្សត្រ។
ចំណារបស់សម្តេច ហ៊ុន សែន នៅលើព្រះរាជសាររបស់ព្រះមហាក្សត្រនេះ បានធ្វើឲ្យអ្នកនយោបាយនិងមជ្ឈដ្ឋានមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា តាំងពីដើមរៀងមកលោក មិនដែលឃើញ ព្រះរាជសាររបស់សម្តេចឪ ត្រូវនាយករដ្ឋមន្ត្រីចារពីលើនោះទេ ទើបតែពេលនេះទេ ដែលលោកឃើញព្រះរាជសារបស់ព្រះមហាក្សត្រព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវនាយករដ្ឋមន្ត្រីចារពីលើ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ បញ្ជាក់ថា ប្រសិនបើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើចំណារលើលិខិតរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរបស់ស្ថាប័នផ្សេងទៀតដែលមានឋានានុក្រមស្មើឬ ទាបជាង លោកមិនចាប់អារម្មណ៍នោះឡើយ។« តែខ្ញុំ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលឃើញចំណារនាយករដ្ឋមន្ត្រីនៅលើព្រះរាជសាររបស់ព្រះមហាក្សត្រ »។ នេះជាការបញ្ជាក់របស់លោក អេង ឆៃអ៊ាង ទន្ទឹមនឹងប្រៀបធៀបបែបនេះថា៖« ការធ្វើដូច្នេះ ប្រៀបដូចជា ចៅហ្វាយខេត្តចារបន្ថែមនៅលើលិខិតរបស់នាយករដ្ឋមន្ត្រីដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com