មេដឹកនាំផ្តាច់ការស៊ីមបាវ៉េរ៉ូបឺត មូហ្កាបេ (Robert Mugabe) ឈានដល់វ័យ ៩២ ឆ្នាំហើយ ប៉ុន្តែលោកមិនទាន់ចេញពីតំណែងឡើយ។ ស្ថានភាពសុខភាពរបស់លោកជារួមកាន់តែទ្រុឌទ្រោម ភ្លេចភ្លាំងច្រើន និងវង្វេងវង្វាន់ខ្លាំង រហូតដល់អានសុន្ទរកថាខុសផងក៏មាន។ ខណៈដែលមានការរិះគន់លោកខ្លាំងដែលមិនព្រមផ្ទេរអំណាច មូហ្កាបេបានប្រកាសថា លោកនឹងដឹកនាំប្រទេសរហូតដល់ពេលលោកស្លាប់។ ប៉ុន្តែថ្វីបើលោកនៅក្នុងតំណែងក៏ដោយ ជារួមកិច្ចការនយោបាយធំៗក្នុងប្រទេសដែលលោកធ្លាប់កាន់ ត្រូវភរិយារបស់លោក ដែលជាស្ត្រីខ្លាំងនៃស៊ីមបាវ៉េកាន់កាប់ជំនួសវិញម្តង។
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖
លោក រ៉ូបឺត មូហ្កាបេ ត្រូវបានគេចាត់ទុកថាជាមេដឹកនាំផ្តាច់ការក្រាញអំណាចនៅស៊ីមបាវ៉េ។ បច្ចុប្បន្ននេះលោកឈានចូលវ័យ ៩២ ឆ្នាំហើយ ហើយលោកបានដឹកនាំប្រទេសតាំងពីឆ្នាំ ១៩៨០ តាមការបោះឆ្នោតក្រោយការទទួលបានឯករាជ្យពីអង់គ្លេសនិងបញ្ចប់ជម្លោះជាតិសាសន៍ក្នុងប្រទេសជាផ្លូវការ។ គេមិនរំពឹងថា មេដឹកនាំជរាមួយនេះនឹងផ្ទេរអំណាចឆាប់ៗឡើយ ទោះស្ថានភាពសុខភាពរបស់លោកកាន់តែខ្សោយ ខួរក្បាលកាន់តែស្ទក់ និងមិនអាចបំពេញការងារដូចធម្មតាបានក៏ដោយ។
ក្រៅពីសុខភាពខ្សោយ និងជាមេដឹកនាំផ្តាច់ការ លោកនិងក្រុមគ្រួសាររស់នៅសោយសុខលើទឹកដីដ៏ក្រីក្រដែលប្រជាជនរស់នៅលំបាកវេទនាព្រោះវិបត្តិសេដ្ឋកិច្ច។ គ្រាន់តែខួបកំណើតរបស់លោកកាលពីឆ្នាំ ២០១៥ លោកចំណាយលុយរហូតដល់ ១លានដុល្លារ ហើយភរិយារបស់លោកដែលជាស្ត្រីទីមួយនោះក៏ត្រូវលោកខាងលិចទិតៀនខ្លាំងព្រោះចាយវាយខ្ជះខ្ជាយមិនចេះគិតដែរ។
១.អ្នកណាគេជា រ៉ូបឺត មូហ្កាបេ ?
លោក មូហ្កាបេ កើតនៅក្នុងឆ្នាំ ១៩២៤ ហើយលោកបានផ្លាស់ប្តូរជីវិតពីគ្រូបង្រៀនមកជាវីរជនដែលទាមទារឯករាជ្យ និងជាមេដឹកនាំចលនានយោបាយដ៏មានឥទ្ធិពលជាងគេក្នុងរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ។ លោក បានក្លាយមេដឹកនាំ ចលនាទាមទារឯករាជ្យពីមហាអំណាចអង់គ្លេស ដោយលោកដឹកនាំចលនាមួយដែលមានឈ្មោះថា សហភាពជាតិអាហ្វ្រិកស៊ីមបាវ៉េ (ZANU )ក្នុងឆ្នាំ ១៩៦០ ។ ក្នុងឆ្នាំ ១៩៦៤ រដ្ឋាភិបាលស្ថិតក្រោមម្ចាស់អាណានិគមអង់គ្លេសបានសម្រេចហាមមិនឲ្យចលនារបស់លោកបន្តទៅមុខទៀត ហើយលោកក៏ត្រូវគេចាប់ឃុំឃាំងទៀត។ មួយឆ្នាំក្រោយមក ក្រុមជនជាតិភាគតិចស្បែកស បានប្រកាសឯករាជ្យពីអង់គ្លេសជាឯកតោភាគី ហើយបង្កើត របបដឹកនាំរើសអើងពូជសាសន៍មួយដែលក្រុមស្បែកសកាន់កាប់រដ្ឋាភិបាលស៊ីមបាវ៉េ ។ តែការរៀបចំនេះរងការថ្កោលទោសពីសហគមន៍អន្តរជាតិនិងប្រជាជនស៊ីមបាវ៉េ។ ១០ ឆ្នាំក្រោយលោកត្រូវគេដោះលែងពីពន្ធនាគារ ហើយលោកបានត្រលប់ចូលឆាកនយោបាយវិញ ប៉ុន្តែលោកត្រូវរត់ភាគខ្លួនទៅកាន់ប្រទេសជិតខាង ម៉ូហ្សាំប៊ីក ដើម្បីតស៊ូប្រឆាំងរបបដឹកនាំដែលរើសអើងពូជសាសន៍ ហើយលោកបានជាអ្នកជឿជាក់លើលទ្ធិម៉ៅ និង ម៉ាក ផងដែរ។ ក្នុងឆ្នាំ ១៩៧៧ លោកបានត្រលប់មកកាន់កាប់ សហភាពជាតិអាហ្វ្រិកស៊ីមបាវ៉េ (ZANU ) ពេញដៃពេញជើង និងគ្រប់គ្រងកងកម្លាំងយោធាប្រឆាំងរបបដឹកនាំរើសអើងពូជសាសន៍នៅស៊ីមបាវ៉ាផងដែរ។ កងទ័ពរបស់លោក ភាគច្រើនទទួលបានជំនួយពីប្រទេសអឺរ៉ុបខាងកើត និងប្រទេសសង្គមនិយមមួយចំនួននៅអាស៊ីផងដែរ។ ដល់ឆ្នាំ ១៩៧៩ អង់គ្លេសចេញមុខជួយបង្កើតកិច្ចព្រមព្រៀងសន្តិភាពផ្សះផ្សារវាងជនជាតិស្បែកស និង ស្បែកខ្មៅ ប្រមែរប្រមូលគណបក្សជាច្រើនមករួមគ្នា បើកផ្លូវឲ្យមានការបោះឆ្នោតឆ្នាំ ១៩៨០ផង។ ក្នុងការបោះឆ្នោតលោក មូហ្កាបេ ត្រូវគេបោះឆ្នោតឲ្យកាន់តំណែងនាយករដ្ឋមន្ត្រី ហើយលោកបានកាន់កាប់ប្រទេសរហូតដណ្តើមបានតំណែងប្រមុខរដ្ឋរហូតមកដល់បច្ចុប្បន្ន។ លោកតែងតែឈ្នះរាល់ការបោះឆ្នោត ដែលពោរពេញដោយភាពចម្រូងចម្រាស មានការបន្លំសន្លឹកឆ្នោត និង គំរាមកំហែង ថែមទៀតផង។ ហើយអ្នកណាដែលមានបំណងចង់ដណ្តើមអំណាចពីលោកនឹងមិនមានលទ្ធផលល្អឡើយ។ កាលពីឆ្នាំមុន លោកបានសម្រេចដកតំណែងមន្ត្រីធំៗជាច្រើននាក់ដែលជាប់ពាក់ព័ន្ធនឹងគម្រោងផ្តួលរំលំលោកពីអំណាចនិង មានមន្ត្រីខ្លះរងការចាប់ខ្លួនផងដែរ។
២.លោក មូហ្កាបេ ចាស់ខ្លាំងរហូតវង្វេងវង្វាន់ និងដើរមិនចង់រួច
គិតត្រឹមចុងខែកុម្ភៈឆ្នាំនេះ លោក មូហ្កាបេ បានឈានដល់អាយុ ៩២ឆ្នាំហើយ។ វ័យកាន់តែចាស់ខ្លាំង ហើយសុខភាពលោកកាន់តែទ្រុឌទ្រោមទៅៗ រហូតដល់រវង្វងនិយាយមិនដឹងខុសផងពេលខ្លះ។ រឿងដែលគួរឲ្យភ្ងាក់ផ្អើលនោះកាលពីឆ្នាំ ២០១៥ កន្លងទៅ លោក មូហ្កាបេ វង្វេងរហូតអានសុន្ទរកថា ខុសក្នុងពិធីបើកកិច្ចប្រជុំសភាស៊ីមបាវ៉េ តែលោកមិនបានដឹងខ្លួនសោះ។ សន្ទរកថា នោះត្រូវបានលោកយកទៅប្រើប្រាស់ម្តងហើយក្នុងកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិក ប៉ុន្មានខែមុនកិច្ចប្រជុំសភា។ អ្នកនយោបាយបក្សប្រឆាំងនាំគ្នាចម្អក និងសម្តែងការហួសចិត្តចំពោះមេដឹកនាំដ៏ចំណាស់រូបនេះដែរ។
មួយវិញទៀតនៅ នៅដើមខែកុម្ភៈឆ្នាំមុនដែរ មេដឹកនាំផ្តាច់ការរូបនេះ បានដើរដួលធ្លាក់ពីលើវេទិកា ក្រោយផ្តល់សុន្ទរកថាទៅកាន់អ្នកគាំទ្ររួច។អ្នកសារព័ត៌មានដែលថតរូបបាន ត្រូវអង្គរក្សលោកបង្ខំឲ្យលុបរូបភាពចោល ហើយរដ្ឋាភិបាលចេញមុខបកស្រាយថាគ្មានរឿងអ្វីកើតឡើងចំពោះលោក មូហ្កាបេឡើយ។ តែនៅក្នុងកិច្ចប្រជុំ ឥណ្ឌា អាហ្វ្រិកនៅទីក្រុងឌេលី គ្រប់គ្នាមើលឃើញថា សុខភាពលោក មូហ្កាបេ ពិតជាខ្សោយខ្លាំងណាស់។ លោកដើរ យ៉ាងញញីញញ័រ គ្មានកម្លាំងកំហែងសូម្បីតែឡើងជណ្តើរទៅចាប់ដៃនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រាម៉ូឌីមិនរួចផង។ តើលោកនឹងកាន់តំណែងរហូត១០០ឆ្នាំឬ?
៣. មូហ្កាបេ៖ «ខ្ញុំនឹងកាន់តំណែងទាល់តែដល់ថ្ងៃស្លាប់»
មិនមែនត្រឹម ១០០ឆ្នាំទេ លោក មូហ្កាបេ បានប្រាប់មេដឹកនាំអាហ្វ្រិកឯទៀតថា លោកនឹងកាន់តំណែងរហូតដល់លោកស្លាប់។ ថ្លែងក្នុងកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិក លោក មូហ្កាបេ បានបញ្ជាក់៖« ខ្ញុំនឹងនៅកាន់តំណែងរហូតដល់ទេវតាហៅលោកឲ្យទៅជាមួយ។ ដរាបណាខ្ញុំមានជីវិត ខ្ញុំនឹងដឹកនាំប្រទេស ឲ្យលូតលាស់ទៅមុខ មិនមែនថយក្រោយឡើយ»។ បើលោកនៅឈរឈ្មោះ កុំសង្ឃឹមថា មានអ្នកណាផ្សេងទៀតឈ្នះឆ្នោតឲ្យសោះ ហើយ ប្រហែលជាលោកនឹងសម្រេចជោគជ័យក្នុងការដឹកនាំប្រទេសរហូតដល់អាយុ ១០០ឆ្នាំ។ កន្លងមកក្នុងការបោះឆ្នោត លោកថ្លែងថា បើសិនជាលោកចាញ់ឆ្នោត វាមានន័យថាប្រជាជនលែងត្រូវការលោកហើយ តែបើលោកនៅជាប់ឆ្នោត មានន័យថា ប្រជាជនពេញចិត្តនឹងការដឹកនាំប្រទេសរបស់លោក។
៤. អំណាចពិតរបស់លោក នៅក្នុងកណ្តាប់ដៃប្រពន្ធដែលជាអតីតលេខាផ្ទាល់ប៉ុណ្ណោះ
តាមពិតទៅ អំណាចទាំងអស់របស់លោក ត្រូវបានរៀបចំផ្ទេរទៅឲ្យភរិយារបស់លោក ដែលជាស្ត្រីទីមួយ Grace Mugabe ។ ស្ត្រីទីមួយនេះចាប់ផ្តើមកាន់កាប់ការងារសំខាន់ៗ របស់ប្រធានាធិបតី ហើយលោកស្រីក៏កាន់តែមានប្រជាប្រិយភាពខ្ពស់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នកិច្ចការបក្សក៏ត្រូវឆ្លងការសម្រេចរបស់លោកស្រីជាមុនដែរ ហើយលោកស្រីជាអ្នកកំណត់ឬអនុញ្ញាតឲ្យមានការអនុវត្តគោលនយោបាយជាតិផងដែរ។ អ្វីដែលសំខាន់លោកស្រីក៏ជាអ្នកបញ្ជាឲ្យគេបោសសម្អាតដល់មនុស្សដែលលោកស្រីចាត់ទុកថា មិនស្មោះត្រង់ជាមួយស្វាមីលោកស្រីដែរ។ គេរំពឹងថា ទោះជាលោក មូហ្កាបេស្លាប់ក៏ដោយ ភរិយារបស់លោកនឹងបន្តស្នងតំណែងប្រធានាធិបតីនិងដឹកនាំគណបក្សកាន់អំណាចតទៅមុខទៀត។
Grace Mugabe មានវ័យ ៥០ឆ្នាំ ហើយលោកស្រីដើមឡើយជាលេខាផ្ទាល់របស់លោក មូហ្កាបេ ប៉ុណ្ណោះ។ ដោយសារតែភរិយាទីមួយរបស់លោក មូហ្កាបេ ស្លាប់ លោកក៏សម្រេចរៀបការជាមួយលេខាផ្ទាល់នេះតែម្តង៕