ជាតិ
Hello VOA៖ បើ​កម្ពុជា​ផ្ទុះ​សង្គ្រាម អ្នក​កំពុងកាន់​អំណាច​នឹង​ខាត​ប្រយោជន៍​ច្រើនជាងគេ​
29, Nov 2015 , 8:39 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ អ្នកឯកទេស​មើលឃើញ​ថា ប្រទេស​កម្ពុ​ជាមាន​ផលប្រយោជន៍​សេដ្ឋកិច្ច​និង​នយោបាយ​ច្រើន​ដែល​អាច​នឹងត្រូវ​បាត់បង់​បើសិនជា​បក្ស​កាន់អំណាច​ចាញ់ឆ្នោត​ហើយ​ឈានទៅដល់​កើតមាន​សង្គ្រាម​ដោយសារតែ​អ្នក​ដែល​បាត់បង់​ផលប្រយោជន៍ មុនគេ​គឺ​អ្នក​ដែល​កំពុងកាន់​អំណាច​ប​ច្ចុ​ប្បន្ន​និង​បក្សពួក​។​





​លោក ឱក សេរី សោ​ភក្តិ៍ អ្នកឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​បានបញ្ជាក់​ក្នុង​កម្មវិធី Hello VOA ប្រចាំខែ​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក​មិន​មើលឃើញថា ប្រទេស​កម្ពុជា​អាច​នឹង​កើតមាន​សង្គ្រាម​ទេ​ហើយ​សហគមន៍​អន្តរជាតិ​ក៏​មិន​ឈរ​នៅ​ស្ងៀម​ដែរ​បើ​ភាគី​ណាមួយ​ហ៊ាន​បញ្ឆេះ​ភ្លើងសង្គ្រាម​។​

«​ដូច្នេះ​អ្នក​ដែល​បង្កើត​សង្គ្រាម​ត្រូវ​ពិចារណា​ថា​អ្វីខ្លះ​ដែល​នឹងត្រូវ​បាត់​ប​ង‍់ បាត់​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ បាត់​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ បាត់​ការគាំទ្រ​ពី​សង្គម​ស៊ីវិល បាត់​ការគាំទ្រ​ពី​អ្នកវិនិយោគ​ដែល​យកលុយ​មករ​កនៅ​ស្រុក​យើង​។ ដូច្នេះ​មិនអាច​គិត​ងាយៗ​បានទេ​»​។​

​វោហា​សាសន៍​ថា​នឹង​កើតមាន​សង្គ្រាម​តែងតែ​ចេញ​ជា​ញឹកញយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក​ចោទថា គណបក្សជំទាស់​នឹងធ្វើ​ការសើរើ​បញ្ហា​ជាច្រើន​ដែលនាំឱ្យ​មានការ​មិន​ពេញចិត្ត​ពី​អ្នក​ដែលមាន​ផលប្រយោជន៍​ក្នុងពេល​បច្ចុប្បន្ន​។​

​សារ​គំរាម​ទាំងនេះ​ហាក់​មិន​ស៊ីសង្វាក់​គ្នា​ជាមួយនឹង​តម្រូវការ​ចង់បាន​រប​ស់​ពលរដ្ឋ​អ្នកបោះឆ្នោត​ទេ​ជាពិសេស​អ្នកបោះឆ្នោត​វ័យក្មេង​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សុភ​ក្តិ៍ ព្រោះ​អ្វីដែល​ពួកគេ​ចង់បាន​គឺ​យន្តការ​បោះឆ្នោត​មាន​តម្លាភាព​ដែល​រៀបចំ​ការបោះឆ្នោត​មួយ​ផ្តល់​លទ្ធផល​ដែល​គ្រប់ភាគី​អាច​ទទួលយកបាន ឪពុកម្តាយ​របស់​ពួកគេ​ឈប់​ក្រលំបាក​តោកយ៉ាក បញ្ឈប់​ការធ្វើ​ចំណាកស្រុក​ក្នុងស្ថានភាព​លំបាក​ដោយ​គេ​ធ្វើបាប ការសិក្សា​ដែលមាន​តម្លៃ រក​ការងារ​ធ្វើ​ដែលមាន​ប្រាក់ខែ​សមរម្យ មាន​ប្រព័ន្ធ​សុខាភិបាល​ល្អ មិនមាន​ការរង​គ្រោះ​ដោយ​ប្រព័ន្ធតុលាការ និង​មិន​ចង់ឃើញ​អំពើពុករលួយ​ក្នុង​សេវាសាធារណៈ​។​

​លោក ឱក សេរី សោ​ភក្តិ៍ បាន​បន្ថែមថា​៖«​ខ្ញុំ​និយាយ​នេះ​គឺ​មិន​ខុស​ទេ​ព្រោះ​មិនមែន​ជាការ​ស្រមើ​ស្រ​ម៉ៃ​របស់ខ្ញុំ​ជាការ​ដែល​ខ្ញុំ​ជជែក​ហើយ​ជាការ​ដែល​ខ្ញុំ​បង្រៀន​កូនសិស្ស​ផ្ទាល់​រាប់រយ​រាប់ពាន់នាក់​។ គឺ​នេះ​គឺជា​ការពិត​ប្រាកដ​តែ​ម្ត​ង‍​»​។​

​យ៉ាងណាក៏ដោយ​លោក ឱក សេរី សោ​ភក្តិ៍ យល់ថា សារ​គំរាម​នេះ​អាច​មានន័យ​វិជ្ជមាន​ដែរ​ព្រោះ​វា​អាចជួយ​ជា​ទុន​សម្រាប់​មជ្ឈដ្ឋាន​ទូទៅ​ពិចារណា​និង​បញ្ចេញ​ប្រតិកម្ម​ទុកជាមុន​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​សង្គ្រាម​។ ជាពិសេស​អ្នក​ដែលមាន​លទ្ធភាព​បង្ក​សង្គ្រាម​ឱ្យ​គិតគូរ​និង​កុំ​សាកល្បង​ធ្វើ​ទង្វើ​នេះ ដោយ​លោក​ចង់​សំដៅលើ​មន្ត្រី​ខ្លះ​ក្នុង​គណបក្សកាន់អំណាច​ដែល​នឹងមិន​សប្បាយ​ចិត្តនឹង​លទ្ធផល​ឆ្នោត​ក៏ដូចជា​អ្នកឈ្នះ​ថ្មី​ដែលមាន​កម្លាំង​មហាជន​ដែល​អាច​បង្កឱ្យមាន​ការ​ប៉ះទង្គិច​នឹង​អាជ្ញាធរ​។​

​ប៉ុន្តែ​លោក​បញ្ជាក់ថា ការដោះស្រាយ​ការខ្វែងគំនិត​គ្នា​ក្នុងចំណោម​អ្នកនយោបាយ​គួរតែ​ធ្វើឡើង​ដោយ​សន្តិវិធី​ព្រោះ​នោះ​គឺជា​វិធី​ដ៏​ល្អ​៖
«​ថ្នាក់ដឹកនាំ​គួរតែ​ថ្នម​ពាក្យ​ថ្នមសម្តី​ដាក់គ្នា​ទៅវិញទៅមក​ទៅ​។ ពាក្យ​ណា​ដែល​យើង​មិនគួរ​ប្រើ សូម្បីតែ​ជន​សាមញ្ញ ក៏​មិន​គួរប្រើ​ដែរ​។ យើង​ឈប់​ទៅ​។ ...​យើង​មកដល់​ការអភិវឌ្ឍន៍​កម្រិត​ហ្នឹងហើយ​គួរតែ​ឈប់​ប្រើ​ពាក្យពេចន៍​ទាំងអស់​ហ្នឹង​ទៅ វា​មិនមាន​ប្រយោជន៍​អ្វី​ក្រៅពី​នាំឱ្យ​ស្រុក​ខាតបង់​ទ‍េ​»​។​

​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់អំណាច​ជាង​បី​ទសវត្សរ៍​មកហើយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សប្រឆាំង​កំពុងតែ​ឈានឡើង​ក្នុងនាម​ជា​គូប្រកួត​ដែលមាន​កម្លាំង​ប្រហាក់ប្រហែលគ្នា​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​៖



© រក្សាសិទ្ធិដោយ thmeythmey.com