ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជា ចំរើន ៖«​ឲ្យ​ខ្ញុំគេ​បាញ់​ងាប់ ឲ្យ​ឡាន​បុក​ងាប់​» បើ​បក្ស​ខ្ញុំ​មាន​CPP នៅ​ពីក្រោយ​
28, Nov 2015 , 11:08 am        
រូបភាព
​លោក ជា ចំរើន ស្បថ​ថា បើ​គណបក្ស​លោក​បង្កើត​មក ដោយមាន​ការរៀបចំ​គាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ សូម​ឲ្យ​លោក​ត្រូវគេ​បាញ់សម្លាប់ ឬ​លោក​ត្រូវ​ឡាន​បុក​ស្លាប់​។ ការស្បថ​របស់លោក ជា ចំរើន ដោយ​ប្រើ​ពាក្យសម្ដី​ធ្ងន់​នេះ ធ្វើឡើង​ក្រោយពី​មានមតិ​មួយចំនួន​នៅតែ​សង្ស័យថា លោក​បង្កើត​គណបក្ស​មក​ដើម្បី​ធ្វើ​ជំនួញ​នយោបាយ និង​រណប​គណបក្ស​ប្រជាជន​។​



​ក្រោយពី​បានបញ្ជាក់​ជា​ច្រើនដង​មកហើយ​ថា គណបក្ស​ខ្លួន​ដាច់ខាត​មិនមាន​មេ​កើយ​នៅ​ពីក្រោយ​ចាំ​ជួយ​ឡើយ​នោះ លោក ជា ចំរើន បាន​ប្រើពាក្យ​ស្បថ​ដាក់​អាយុជីវិត​ខ្លួន ដោយ​ពាក្យ​ថា «​ឲ្យ​ខ្ញុំ​ត្រូវគេ​បាញ់​ងាប់ ឲ្យ​ឡាន​មក​បុក​ងាប់​ភ្លាម​ម្ដង​ទៅ​»​។​ថ្លែង​ក្នុង​កិច្ច​សម្ភា​ន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​មកដល់​ម៉ោង​នេះ​បើ​ខ្ញុំ​បាន​បញ្ជា​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ឬ​បុគ្គល​ណា​ម្នាក់​ឲ្យ​ខ្ញុំ​មក​បង្កើត​បក្ស ឲ្យ​ខ្ញុំ​ចេញពី​អាស៊ីសេរី​ចុះទៅ គឺ​ឲ្យ​ខ្ញុំគេ​បាញ់​ងាប់​នៅមុខ​ហ្នឹង​តែម្ដងទៅ ឲ្យ​ឡាន​មក​បុក​ងាប់​ភ្លាម​ម្ដង​ទៅ​»​។​

​លោក ជា ចំរើន អះអាងថា ការ​ចេញមក​បង្កើត​គ​ណ​បក្ស​ថ្មី​នេះ គឺ​វា​ជា​ឆន្ទៈ និង​មនសិការ​របស់លោក ដើម្បី​ជួយ​ប្រទេសជាតិ ក្នុងការ​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​«​ប៉ិន​ខ្ញុំ​ស្បថ​ចំពោះមុខ​យាយ​ដូនពេញ​ចុះ គ្មាន​គណបក្ស​ប្រជាជន​ណា​មក​ឲ្យ​ខ្ញុំ​បង្កើត​គណបក្ស​ទេ គេ​មិនដែល​យក​សាច់​គេ​មក​ឲ្យ​បំបែក​អ្នកដទៃ​ទេ​។ ទោះជា​សាច់​យើង​ឈឺ​ក៏​យើង​មិន​ហ៊ាន​បេះ​ចេញ​ដែរ សុខចិត្ត​ទុក​ព្យាបាល​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក ជា ចំរើន មុននឹង​លោក​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​នឹង​មជ្ឈដ្ឋាន​មួយចំនួន កុំ​ទាន់​វាយតម្លៃ​លើ​គណបក្ស​លោក ដោយ​រងចាំ​មើល​ទង្វើ​និង​សកម្មភាព​អនុវត្ត​របស់ខ្លួន​ជាមុនសិន​។​

​អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​រូបនេះ បាន​បន្ថែមថា រូបលោក​ក៏​ធ្លាប់ជា​អ្នករងគ្រោះ​បាត់បង់​ដីធ្លី​ជាច្រើន​កន្លែង និង​ខាតបង់​ប្រាក់​ធ្វើ​ជំនួញ​ផងដែរ ដោយសារ​ភាពអយុត្តិធម៌​សង្គម​តាមរយៈ​ប្រព័ន្ធតុលាការ ដូច្នេះ​បានជា​លោក​សម្រេច​បង្កើត​គណបក្ស​ថ្មី​នេះ​។ បើតាម​​គម្រោង​លោក ជា ចំរើន នឹងដាក់​ពាក្យសុំ​បង្កើត​«​គណបក្ស​កម្ពុជា​សេរីភាព​»​ទៅកាន់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទៅ​២៥ ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ​។ ចំពោះ​គោលនយោបាយ​បក្ស​លោក ជា ចំរើន​ បាន​ព្រាងទុក​រួចហើយ មានដូចជា ការបណ្តុះបណ្តាល​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ឲ្យ​យល់​ពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​, កែប្រែ​ប្រព័ន្ធយុត្តិធម៌​, ពង្រឹង​វិស័យ​កសិកម្ម និង​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​កម្មករ ជាដើម​។​

​សូម​រម្លឹកថា លោក ជា ចំរើន បាន​ចូលធ្វើ​នយោបាយ​ជាមួយ​បក្ស​ប្រជា​កម្ពុជា​តាំង​ឆ្នាំ ១៩៩៣ មកម្ល៉េះ ហើយ​លោក ក៏​ជា​អតីត​អ្នក​តំ​ណា​រាស្ត្រ កាលពី​អាណត្តិ​ទី​៤​ផងដែរ​។ កាលពី​ថ្ងៃទី​១៨ វិច្ឆិកា ឆ្នាំ​២០១៥ រូបលោក បានដាក់​លិខិត សូម​លាលែង​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ហើយពីរ​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​២០ វិច្ឆិកា គណបក្ស​ក៏​សម្រេច​ឲ្យ​រូបលោក​លាឈប់​ពី​បក្ស​៕


Tag:
 ជា ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com