(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ធម្មិកោ ជាខ្សែរាជវង្ស បានចូលរួមជាមួយនឹងគណបក្សសង្រ្គោះជាតិ ហើយថ្មីៗនេះ ព្រះអង្គម្ចាស់ បានសរសេររិះគន់យ៉ាងខ្លាំង នៅលើ Facebook របស់ព្រះអង្គ ដោយបានចោទប្រកាន់ទៅលើគណបក្សប្រជាជនថា មានបំណងនិងផែនការ ចង់រំលាយកេរមរតកព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយព្រះអង្គបានសរសេរយ៉ាងដូច្នេះថា «គណបក្សប្រជាជន មានគោលការណ៍ច្បាស់លាស់រំលាយកេរមរតក ព្រះករុណា. ខ្ញុំមិនរំលឹកឡើងទេថា សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជាគេ ផ្សាយរៀងរាល់ថ្ងៃទៅតាមរយៈគ្រប់វិស័យព័ត៌មាន រហូតទៅដល់ក្នុងសាលារៀនថា សីហនុក្បត់ជាតិ។ រឿងទាំងអស់នោះវាកន្លងផុត ហើយចាប់ពីឆ្នាំ១៩៩១ ពេលដែលខ្មែរគ្រប់ភាគីសម្រេចចិត្ត ផ្សះផ្សារជាតិសារជាថ្មី»

ឆ្លើយតបនឹងការរិះគន់នេះ លោក សេរី កុសល ដែលបច្ចុប្បន្នជានាយឧត្តមសេនីយ៍របស់រាជរដ្ឋាភិបាល និងជាអតីតមន្រ្តីយោធាជាន់ខ្ពស់ របស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានថ្លែងប្រតិកម្មតបទៅវិញថា ការលើកឡើងរបស់ព្រះអង្គម្ចាស់ធម្មិកោ គឺជារឿងគួរឲ្យអស់សំណើច ហើយព្រះអង្គម្ចាស់ធម្មិកោ ខ្លួនឯងវិញទេ ដែលជាអ្នកចង់បំផ្លាញ រាជានិយម រាជបល្ល័ង្ក និងព្រះមហាក្សត្រ ។​

នាយឧត្តមសេនីយ៍ សេរី កុសល បានរៀបរាប់ថា កាលពីឆ្នាំ១៩៧០ ដែលកាលណោះព្រះអង្គម្ចាស់ ធម្មិកោ ជាទាហានរបស់ លន់ នល់ មានឋានន្តរស័កិ្ត ស័កិ្ត៤ បានចូលរួមជាមួយនិងសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ធ្វើឲ្យប្រទេសជាតិច្របូកច្របល់ និងនៅតាមព្រំដែនផងដែរ ជាមួយប្រទេសជិតខាង ប៉ុន្តែនៅពេលនេះ បែរជារូបលោកមកអះអាងថា ជាអ្នកការពាររាជានិយមទៅវិញ ដែលការចោទប្រកាន់នេះ វាជារឿងហួសហេតុ និងមិនសមរម្យទាល់តែសោះ។

នាយឧត្តមសេនីយ៍ សេរី កុសល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានព្យាយាមចរចារកគ្រប់វិធី ដើម្បីរកសនិ្តភាពមកកាន់កម្ពុជា ហើយគណបក្សប្រជាជន ក៏តែងតែបានប្រកាសហើយ ប្រកាសទៀតថា ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ និងរបបរាជានិយមជានិច្ច។ ហើយលោក សេរី កុសល បានសង្កត់ធ្ងន់ថា ក្នុងខ្សែរាជវង្ស មានតែព្រះអង្គម្ចាស់ ធម្មិកោ ដែលខុសគេ បានចូលរួមធ្វើរដ្ឋប្រហារបំផ្លាញរាជានិយម និងបានទៅចូលរួមជាមួយគណបក្សប្រឆាំង ហើយចង់បំផ្លាញរបបរាជានិយម ដែលពួកគេពិតជាអ្នកសាធារណរដ្ឋនិយម

នាយឧត្តមសេនីយ៍ សេរី កុសល បានបញ្ជាក់ថា «ព្រះអង្គម្ចាស់ធម្មិកោ កំពុងពពាយនាយលក់ថ្នាំស្រែង នៅពេលដែលខ្លួនព្រះអង្គកំពុងកើតស្រែងពេញខ្លួន និងកំពុងជួញស្បែកគោទទឹក»។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ព្រះអង្គម្ចាស់​ ធម្មិកោ បង្ហាញនៅលើ Facebook៖

គណបក្សប្រជាជនមានគោលការណ៍ច្បាស់លាស់រំលាយកេរ្តិ៍មរតកព្រះករុណា ព្រះបរមរតនកោដ្ឋ
ខ្ញុំមិនរំលឹកឡើងទេថាសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជាគេ ផ្សាយរៀងរាល់ថ្ងៃទៅ តាមរយៈគ្រប់វិស័យពត៌មានរហូតទៅដល់ក្នុងសាលារៀនថា «សីហនុក្បត់ជាតិ»។ រឿងទាំងអស់នោះវាកន្លងផុត ហើយចាប់ពីឆ្នាំ១៩៩១ ពេលដែលខ្មែរគ្រប់ភាគីសម្រេចចិត្ត ផ្សះផ្សារជាតិសារជាថ្មី។

ក៏ប៉ុន្តែ យើងត្រូវទទួលស្គាល់ថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានគោលកាណ៍ការច្បាស់លាស់ រំលាយកេរ្ត៍មរតក ព្រះករុណាព្រះបរមរតនកោដ្ឋ ។ មិនត្រឹមតែ រំលាយសមិទ្ធផលដូចជាសាលមហោស្រព ព្រះសុរាម្រិត ស្តាតអូឡាំពិក និង សមិទ្ធផលផ្សេងៗដ៏ទៃទៀត គឺគោលបំណងគេ ត្រូវតែរំលាយកេរ្ត៍មរតកនយោបាយ របស់ព្រះ អង្គ តែម្តង។

ខែមិថុនាឆ្នាំ ២០០៨ ក្រោយពីរាជរដ្ឋាភិបាល បានចុះ ប្រាសាទព្រះវិហារ ជាបិតិកភណ្ឌ័ ពិភពលោក គណបក្សប្រជាជន បានរៀបចំកម្មវិធីមួយដ៏ធំបំផុត នៅស្តាតអូឡាំពិច ដើម្បីអបអរសាទរ ។ ក្នុងឪកាសនោះ គ្មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលណាមួយ រំលឹកថា ព្រះករុណាព្រះបរមរតនកោដ្ឋ បានទាមទារ ប្រាសាទព្រះវិហារ ពីថៃបានមកវិញ នៅ ខែមិថុនា ឆ្នាំ ១៩៦២ ។ ផ្ទុយទៅវិញ លោក ចៀម យៀប បានមានប្រសាសថា ប្រាសាទព្រះវិហារ ជាកេរ្ត៍មរតក របស់គណបក្សប្រជាជនកម្ពុជា ជូនកូនខ្មែរជំនាន់ក្រោយ។ នេះជាភស្តុតាងមួយដែល គណបក្សប្រជាជន ចង់លុបព្រះនាមព្រះករុណា ព្រះបរមរតនកោដ្ឋ ពីប្រវត្តិសាស្រ្តខ្មែរតែម្តង។

បច្ចុប្បន្នក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំកម្មវិធីផ្សព្វផ្សាយតាមរយៈគ្រប់សារពត៌មានជាតិ ឯកសារមួយចំនួន ក្នុងគោលបំណងជាក់ស្តែង សំអុយ ព្រះកិត្តិនាម របស់ព្រះអង្គ ។

ខ្ញុំសូមបញ្ជាក់ថា ព្រះករុណាព្រះបរមរតនកោដ្ឋ បានសរសេរឯកសារទាំងអស់នោះ ជាពិសេសលិខិតជូនលោក ផាំ វ៉ាន់ដុង ក្នុងនាមព្រះអង្គ ជាព្រះមហាក្សត្រ អាស្រ័យរដ្ឋធម្មនុញ្ញ សោយរាជសម្បត្តិតែមិនកាន់អំណាច។ ជាក់ស្តែងព្រះអង្គ ត្រឹមតែបញ្ជាក់លើការចរចារ រវាង រាជរដ្ឋាភិបាលខ្មែរ និង សាធារណៈរដ្ឋ សង្គមនិយមវៀតណាម ចាប់តាំងពីឆ្នាំ១៩៩៣។

ការផ្សាយឯកសាររបស់ ព្រះករុណាព្រះបរមរតនកោដ្ឋ ទន្ទឹមនឹងការបិទបាំង និងការចរចារ រវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយ រដ្ឋាភិបាលវៀតណាម បានឆ្លុះបញ្ចាំងឲ្យឃើញថា នេះជាល្បិចដើម្បីសំអុយ ព្រះកិត្តិនាម ព្រះករុណា ព្រះបរមរតនកោដ្ឋ៕