(បាត់ដំបង)៖ ក្រោយបញ្ចប់ការសួរនាំអស់រយៈពេលជាង ២ម៉ោងរួចមក ទីបំផុតចៅក្រមស៊ើបសួរសាលាដំបូងខេត្ដបាត់ដំបង នៅវេលាម៉ោង ១១៖៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥នេះ បានចេញដីកាឃុំខ្លួន ស្ដ្រីដែលស្រវឹងលេចនោមដាក់ខោ ជេរប្រមាថសមត្ថកិច្ចដាក់ពន្ធនាគារ ជាបណ្ដោះអាសន្នហើយ ។

មន្ដ្រីសាលាដំបូងខេត្ដបាត់ដំបង បានប្រាប់ថា ស្ដ្រីឈ្មោះ សុដាម៉ុន អាយុ៤១ឆ្នាំ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៥ ពាក់ព័ន្ធការជេរប្រមាថកាតទាន ទៅលើនគរបាលនៅស្រុកសំពៅលូន កាលពីអំឡុងខែកញ្ញានោះ ត្រូវបានព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់រួចបញ្ជូនទៅសំណុំរឿង ទៅដៃចៅក្រមក៏សម្រេចឃុំខ្លួនតែម្ដង រង់ចាំការកាត់ទោសនៅពេលក្រោយ ។

សូមជំរាបថា ពាក់ព័ន្ធករណីខាងលើនេះសមត្ថកិច្ចបានរៀបរាប់ថា ដំបូងគេឃើញមានរថយន្ត មួយគ្រឿងម៉ាក Audi Q7 ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AG-7576 បានបើកបរយ៉ាងលឿនដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥៧B ដោយមានសភាពរេពេញផ្លូវ។ លុះទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានរេចង្កូត ទៅបុកអ្នកជិះកង់ម្នាក់ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យជនរងគ្រោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ ដោយឡែករថយន្តបង្កហេតុ បានព្យាយាមបើករត់គេចចេញពីចំណុចកើតហេតុ តែត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានតាមប្រមាញ់ និងឃាត់បានភ្លាមៗតែម្តង។ ស្ត្រីដែលជើងខ្លាំងជេរប្រមាថសមត្ថកិច្ចបានអះអាងថា ខ្លួនមានឈ្មោះ សូ ដាម៉ា អាយុប្រហែលជាង៤០ឆ្នាំ៕