ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ឈើ​លេខ​១​រាប់​ពាន់​សន្លឹក នៅ​ក្នុង​សមាគម​ន៍​វៀតណាម

7 ឆ្នាំ មុន

ខេត្តសៀមរាប​៖​សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការ​នគរបាល​ខេត្ដសៀមរាប រក​ឃើញ​ឈើ​លេខ​១​ជិត​២៥​ម៉ែត្រគូប ខណៈ​ក្រុម​ជាង​វៀតណាម​ជិត​១០​នាក់ កំពុង​កែ​ច្នៃ​ឈើ​ទាំងនោះ​

ខេត្តសៀមរាប​៖​សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការ​នគរបាល​ខេត្ដសៀមរាប រក​ឃើញ​ឈើ​លេខ​១​ជិត​២៥​ម៉ែត្រគូប ខណៈ​ក្រុម​ជាង​វៀតណាម​ជិត​១០​នាក់ កំពុង​កែ​ច្នៃ​ឈើ​ទាំងនោះ​ជា​គ្រឿង​សឹ​ង្ហា​រឹម នៅ​ក្នុង​សមាគម​ន៍​សហព័ន្ធ​ខ្មែរ វៀតណាម​នៅ​ក្នុង​ក្រុង​ទេសចរណ៍​សៀមរាប​មួយ​នេះ​មិន​ប្រក្រតី រួច​ដក​កម្លាំង​ចេញ​អស់ ខណៈ​ពេល​ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​យក​ច្បាប់​មក​ឱ្យ​មើល គេ​ដាក់​ការ​សង្ស័យ​ត្រូវ​ថ្នាំ​ពី​ម្ចាស់​សមាគម​ន៍​។

ហេតុ​ការ​ចុះ​ប្រតិបត្ដិការ​បង្ក្រាប​ទីតាំង​ខាងលើ​នេះ ធ្វើ​ឡើង​ចាប់ពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា​នេះ ស្ថិត​នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​ដឹកនាំ​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះ​រា​ជ្ញ​អាជ្ញា​រង អម​សាលាដំបូង​ខេត្ដសៀមរាប ប៉ុន្ដែ​ត្រូវ​បាន​ដកថយ​វិញ​ក្រោយ​មាន​ជនជាតិ​វៀតណាម​យក​លិខិត​មក​ប្រគល់​ឱ្យ​រដ្ឋបាល​ព្រៃឈើ ដោយ​ប្រាប់​ថា ឈើ​មានច្បាប់​អនុញ្ញាត​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៅ​ខេត្ដព្រះវិហារ ខណៈ​មន្ដ្រី​សមត្ថកិច្ច​ទាំងនោះ​រង់ចាំ​រាប់​ម៉ោង​ពី​ម្ចាស់​ឈើ​ជនជាតិ​វៀតណាម​នោះ​។ បើ​តាម​ការ​មើលឃើញ​ជាក់ស្ដែង​ឈើ​ប្រភេទ​លេខ​១​នេះ ត្រូវ​បាន​ក្រុម​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ ដាក់​ម៉ាស៊ីន​កែ​ច្នៃ​ឈើ​នោះ​ជា​ចំរៀក​ៗ ដាក់​ជា​គំនរ​ឈើ​នៅ​ក្នុង​សមាគម​ន៍​វៀតណាម ដែល​មាន​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ គឺ​សម្រាប់​លក់ដូរ និង​ចែកចាយ​ក្នុង​ក្រុង​សៀមរាប ។

ជាមួយ​គ្នា​នោះ​ក្រុម​សមត្ថកិច្ច​នគរ​អន្ដោប្រវេសន៍  បាន​សាកសួរ​ក្រុម​ជាង​ជនជាតិ​វៀតណាម​ទាំងនោះ​រួច​ហើយ បានឱ្យ​ត្រឡប់​ទៅ​វិញ ក្រោយ​ពេល​រក​ឃើញ​ថា ពួក​គេ​រស់នៅ​កម្ពុជា​ដោយ​ស្របច្បាប់​។ ទោះជា​យ៉ាងណា ប្រធាន​សមាគម​ន៍​វៀតណាម បាន​បដិសេធ​មិន​ឆ្លើយ​តប​ជាមួយ​អ្នក​សារព័ត៌មាន​នោះ​ដោយ​ប្រាប់​ថា មិនដឹង​ឈើ​នោះ​ជា​របស់​អ្នក​ណា​ទេ​។​ក្រោយ​ពី​ក្រុម​សមត្ថកិច្ច ធ្វើការ​ត្រួតពិនិត្យ​ឈើ​ទាំងនោះ​ប្រមាណ​ជាង​៣​ម៉ោង​រួច​មក ទើប​គេ​ឃើញ​ជនជាតិ​វៀតណាម​មួយ​រូប​ឈ្មោះ យ៉ុ​ង ភេទ​ប្រុស បាន​យក​លិខិត​មក​ឱ្យ​មេព្រៃ​មួយ​ច្បាប់ រួច​ហើយ​ក៏​ដើរ​ចេញ​ទៅ​បាត់​វិញ ខណៈ​ក្រុម​អ្នក​សារព័ត៌មាន ប្រឹង​ព្យាយាម​សាកសួរ​ពី​ការ​ដាក់​ម៉ាស៊ីន​ជ្រៀក​ឈើ និង​កែ​ច្នៃ​ឈើ​នៅ​ក្នុង​សមាគម​ន៍​នោះ យ៉ាងណា​ក៏​ដោយ ពួក​គេ​ក៏​មិន​បាន​ប្រាប់​ដែរ​។

ករណី​ខាងលើ​នេះ លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តសៀមរាប បាន​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា បន្ទាប់​ពី​កម្លាំង​របស់​លោក​បាន​ចុះ​មក​ដល់ទី​តាំង​សមាគម​ន៍​ខ្មែរ វៀតណាម រួច​មក​កម្លាំង​ជំនាញ​ក៏​បាន​រក​ឃើញ​នូវ​ឃើញ​ប្រណិត​ជា​ច្រើន​កន្លែង និង​មាន​ម៉ាស៊ីន​សម្រាប់​អារឈើ​ចំនួន​២​គ្រឿង​នៅ​ខាងក្រោយ​សមាគម​ន៍​នោះ​។ លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​មក​ដល់ទី​តាំង​ខាងលើ ក៏​ឃើញ​មាន​ជនជាតិ​វៀតណាម​បាន​យក​ឯកសារ​មក​ឱ្យ​មើល រួច​មន្ត្រី​ព្រៃឈើ​ក៏​បាន​រាយការណ៍​តាម​ទូរស័ព្ទ​ទៅ​ឱ្យ​ព្រះរាជអាជ្ញា​ប្រាប់​ថា ឈើ​ទាំងនោះ​មានច្បាប់​ទេ លោក​ឭ​ដូច្នោះ ក៏​ឱ្យ​កម្លាំង​ដក​ចេញ​។ ចំណែក​នៅ​កន្លែង​សិប្បកម្ម គេ​ឃើញ គំនរ​ឈើ ប្រណិត​ជា​ច្រើន​ម៉ែត្រគូប និង​ម៉ាស៊ីន​ជ្រៀក ដោយ​សមត្ថកិច្ច​និយាយ​ថា ថៅកែ​ជា​ជនជាតិ​វៀតណាម ឈ្មោះ​យ៉ុ​ង​មិន​បាន​នៅ​កន្លែង​បង្ក្រាប​នោះ​ទេ​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​លោក យឹ​ម ស៊ី​វន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បាគង​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា  បាន​ឆ្លើយ​ការពារ​លើ​ការ​ស្ដុក​ឈើ​របស់​ជនជាតិ​វៀតណាម​ឈ្មោះ យ៉ុ​ង នៅ​ក្នុង​សមាគម​ន៍​នោះ​។ លោក យឹ​ម​ស៊ី​វន អះអាង​ថា ឈើ​លេខ​មួយ​នេះ​ចំនួន​២៤​ម៉ែត្រគូប ជា​ប្រភេទ​ឈើ សុ​ក្រំ និង​ឈើ​ផ្ចឹក គេ​មានច្បាប់​អនុញ្ញាត គឺ​ស៊ី​ញ៉េ​ចេញពី​មន្ដ្រី​ព្រៃឈើ​មួយ​រូប​នៅ​ស្រុក​ជាំ​ក្សាន្ដ​ឈ្មោះ ម៉ក់ បញ្ញា ដឹក​ចូល​មក​ចែកចាយ​ក្នុងភូមិ​ជន្លង់​សង្កាត់​សៀមរាប​។ ទោះជា​យ៉ាងណា​ឈើប្រណិត​ទាំងនោះ​គេ​សង្ស័យ​ថា ជា​ឈើ​ខុសច្បាប់ ព្រោះ​លិខិត​ដឹក​ជញ្ជូន​ឈើ មិន​បាន​ដាក់​ទីតាំង​ពិតប្រាកដ​នៅ​ក្នុង​សមាគម​ន៍​ខ្មែរ វៀតណាម​នោះ​ទេ ខណៈ​ដែល​នៅ​ក្បែរ​សមាគម​ន៍​នោះ​ជា​ប្រភព​កន្លែង​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​គ្រប់​ប្រភេទ​។

គួរ​រំលឹក​ផង​ដែរ​ថា មជ្ឈដ្ឋាន​នានា​បាន​រិះគន់​ថា ការ​ចុះ​បង្ក្រាប​ឈើ​ម្តង​ៗ មិន​ដែល​ឃើញ​សមត្ថកិច្ច​នគរបាល និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ហាក់បីដូច​មិន​ចុះសម្រុង​នឹង​គ្នា​សោះ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្សឹប​ប្រាប់ត​ៗ​គ្នា​ថា ប្រហែលជា​កន្លែង​នោះ​ដាក់​ខែ ឱ្យ​មន្ត្រី​ជំនាញ​មួយ​ចំនួន បានជា​ឆ្លើយ​ម្តង​ៗ​ថា មានច្បាប់ របស់​ក្រុមហ៊ុន​នេះ ក្រុមហ៊ុន​នោះ មិន​ដែល​មន្ត្រី​មេព្រៃ​ថា ពួក​ឈ្មួញ​ទាំងនោះ អត់​ច្បាប់​ម្តងណា​សោះ៕