ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​ចូល​ព្រៃ​ឡង់ ក្រុម​និស្សិត​ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ដាក់​ពង្រាយ​កម្លាំង​រារាំង

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រមាណ​ជាង​៤០​ទៅ​៥០​នាក់​មក​ពី​អង្គភាព​ប្រដាប់​អាវុធ​ចម្រុះ បាន​ដាក់​ពង្រាយ​ការពារ​និង​រារាំង​ក្រោម​បញ្ជា​របស់​អាជ្ញាធរ​ខេត្ត​ទប់ស្កាត់​ក្រុម​និស្សិត ដែល​មាន​គ្នា​ជាង​៣០​នាក់​ធ្វើ​ដំណើរ​តាម​រថយន្ត​កា​មី​ញ៉ុ​ង

ខេត្តស្ទឹងត្រែង ៖ ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រមាណ​ជាង​៤០​ទៅ​៥០​នាក់​មក​ពី​អង្គភាព​ប្រដាប់​អាវុធ​ចម្រុះ បាន​ដាក់​ពង្រាយ​ការពារ​និង​រារាំង​ក្រោម​បញ្ជា​របស់​អាជ្ញាធរ​ខេត្ត​ទប់ស្កាត់​ក្រុម​និស្សិត ដែល​មាន​គ្នា​ជាង​៣០​នាក់​ធ្វើ​ដំណើរ​តាម​រថយន្ត​កា​មី​ញ៉ុ​ង រួមនឹង​រថយន្ត​ផ្ទាល់ខ្លួន​ចំនួន​៣​គ្រឿង មក​ពី​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ចូល​តំបន់​ព្រៃ​ឡង់ ដើម្បី​សិក្សា​ពី​ធនធាន​ព្រៃឈើ ។

អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ដាក់​កងកម្លាំងប្រដាប់អាវុធ​ជា​ច្រើន​នាក់ ហាមឃាត់​រថយន្ត​ចំនួន​៣​គ្រឿង នៅ​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ស្ទឹង​ត្រែង​ត្រើយ​ខាងលិច កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ឧសភា ។ ការ​ហាមឃាត់​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ ត្រូវ​បាន​ក្រុម​យុវ​និស្សិត​ទាំងនោះ​និយាយ​ថា ជា​រឿង​ដែល​គ្មាន​ហេតុផល និង​មិន​ត្រឹមត្រូវ​សោះ ក្នុង​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ដើរហើរ​។ ចំណែក​អាជ្ញាធរ​ស្រុក​បាន​ប្រាប់​តប​ទៅ​វិញ​ថា ការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​នាក់​អាច​ជា​រឿង​មិនល្អ ហើយ​គោលបំណង​ដែល​ចង់ទៅ​តំបន់​ព្រៃ​ឡង់ មិន​មានការ​អនុញ្ញាត​និង​ជូនដំណឹង​ដល់​អាជ្ញាធរ​ជា​មុន ។

ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​មាន​តម្លៃ​នៅ​តំបន់​ព្រៃ​ឡង់​ដែល​មាន​ផ្ទៃដី​ជាង​២០​ម៉ឺន​ហិ​កតា និង​មាន​ព្រំប្រទល់​ជាប់​គ្នា​ចំនួន​៤​ខេត្ត មាន​ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង ហាក់ដូចជា​កំពុង​ធ្វើ​ឱ្យ​សាធារណជន​ពិសេស​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​មានការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ខណៈ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ត្រូវ​បាន​ប្រជា​សហគមន៍​ទាំង​៤​ខេត្ត​និយាយ​ថា​ស្ទើរ​រលាយ​ហិនហោច​អស់​ទៅ​ហើយ ដោយ​សង្ស័យ​មានការ​កាប់​បំផ្លាញ​ដែល​មានការ​ឃុបឃិត​ដោយ​អ្នកមាន​អំណាច ។ ប្រជា​សហគមន៍​ទាំងនោះ​បានឱ្យ​ដឹង​ថា ព្រៃ​ឡង់ គឺ​ឡង់សេ​តែ​ខាងក្រៅ​ប៉ុណ្ណោះ​ចំណែក​ខាងក្នុង​ត្រងោល​ដូច​បាតខ្ទះ ។

ព្រៃ​ឡង់​នៅ​ខេត្តស្ទឹងត្រែង​ជាប់​ស្រុក​ចំនួន​២ គឺ​ស្រុក​សៀម​បូក​និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​និង​មាន​ចំនួន​៥​ឃុំ ។ កាលពី​ពេល​ថ្មី​ៗ​នេះ ប្រធាន​សហគមន៍​រាជ​សាល បាន​ដឹកនាំ​ប្រជា​សហគមន៍​ពី​ខេត្តស្ទឹងត្រែង​រួម​ជាមួយ​ប្រធាន​សហគមន៍ ចំនួន​៣​ខេត្ត​ទៀត ចុះ​ធ្វើ​ល្បាត​និង​ឈាន​ដល់​ការ​ចាប់​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ ជិត​១០​គ្រឿង​ដុត​កម្ទេច​ចោល នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​រួម​ជាមួយ​គំនរ​ឈើ​ប្រណីត​រាប់​សិប​ម៉ែត្រគូប ។  សកម្មភាព​នេះ​ត្រូវ​បាន​អះអាង​ថា ជា​ការ​គំរាម​ដល់​អ្នក​កាប់​ព្រៃ​ដទៃ​ទៀត​ឱ្យ​បញ្ឈប់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ ។

ការ​ចាត់វិធានការ​បែប​នេះ ក្រុម​ឈ្មួញ​និង​ក្រុម​អ្នក​កាប់​ទន្ទ្រាន​ឈើ​ប្រណីត​បាន​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​លើ​សហគមន៍​ការពារ​ព្រៃឈើ​ទាំងនោះ រហូត​ឈាន​ដល់​ការ​គំរាមកំហែង​ផ្នែក​សុវត្ថិភាព​និង​ដាក់​ពាក្យ​ប្តឹង ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផង​ដែរ ក្រោម​ការ​ផ្សះផ្សា​ទាម​ទារក​ដំណោះស្រាយ​ដោយ​លើកលែង​ការ​ដុត​កម្ទេច​សម្ភារ រួម​នឹង​ឈើ​ប្រណីត​ទាំងនោះ ។

ក្រោយ​ហេតុការណ៍​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​អំពី​សកម្មភាព​រុករាន​និង​សកម្មភាព​ដុត​កម្ទេច​ម៉ាស៊ីន​យន្ត​ចោល ធ្វើ​ឱ្យ​មាន​ភាព​រង្គោះរង្គើ​និង​រសើប​យ៉ាង​ខ្លាំង​ទៅ​ដល់​មជ្ឈដ្ឋាន​សង្គម ទើប​មានការ​ចុះ​ស្រាវជ្រាវ​ដោយ​ក្រុម​និស្សិត ដើម្បី​ចង់​ឃើញ​សម្បត្តិ​ព្រៃឈើ និង​ការ​រង​គ្រោះ​នៃ​សម្បត្តិ​ធម្មជាតិ​នេះ​បែប​ណា ។

ក្រុម​និស្សិត​ទាំង​ជាង​៣០​នាក់ ដែល​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​កាន់​ខេត្តស្ទឹងត្រែង និង​ត្រៀម​ធ្វើ​ដំណើរ​ទៅ​សម្រាក​នៅ​ភូមិ​កាំ​ង​ចាម ស្រុក​សៀម​បូក ត្រូវ​បាន​រារាំង​និង​ហាមឃាត់​ដោយ​អាជ្ញាធរ​និង​សមត្ថកិច្ច មិន​ឱ្យធ្វើ​ដំណើរ​ទៅ​តំបន់​ព្រៃ​ទ្ប​ង់​ទេ ដោយ​ក្រុម​មន្ត្រី​សំអាង​ថា មិន​បាន​ផ្តល់​ដំណឹង​និង​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន ។ លោក កែម ទ្បី អ្នក​ស្រាវជ្រាវ​សង្គម​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​រារាំង​នេះ​មិន​ត្រឹមត្រូវ និង​ហួស​សម័យ​ទៅ​ហើយ ។

និស្សិត​ម្នាក់​ក្នុង​ចំណោម​ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​និយាយ​ថា ក្រុម​ខ្លួន​បាន​រួម​មតិ​គ្នា​ដើម្បី​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​ខេត្តព្រះវិហារ និង​បន្ត​ទៅ​ខេត្តសៀមរាប តែ​ដោយ​មានការ​ពិភាក្សា​គ្នា​ថា ចង់​ចូល​ទៅ​មើល​ព្រៃ​ទ្ប​ង់ ពួក​ខ្លួន​ក៏​បាន​សម្រេច​ថា នឹង​ទៅ​សម្រាក​នៅ​ភូមិកំណើត​របស់​ខ្លួន​ក្នុងភូមិ​កាំ​ង​ចាម ។ លុះ​ព្រឹក​ទ្បើ​ង​បន្ត​ទៅ​លេង​ព្រៃ​ដោយ​ពុំ​មាន​បំណង​ផ្តុំ​គ្នា​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​ច្បាប់​ទ្បើ​យ ។ ម្យ៉ាងទៀត​បើ​ទោះជា​ពួក​ខ្លួន​មាន​បំណង​ចូល​ធ្វើ​ទស្សនកិច្ច​សិក្សា​អំពី​ព្រៃឈើ ក៏​មិនមែន​ជា​រឿង​ខុសច្បាប់​អ្វី​ដែរ ហើយ​គ្មាន​ច្បាប់​ណា​ដែល​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​ព្រៃ​ធ្វើការ​សិក្សា​អំពី​ធនធានធម្មជាតិ​នោះ​ដែរ ។

ដោយឡែក​អភិបាលស្រុក​ថា​ទ្បា​បរិ​វ៉ា​ត់ លោក ថោ​ង ស្រា​ន់ រួម​ជាមួយ​សមត្ថកិច្ច​បាន​លើក​ទ្បើ​ង​ថា ក្រុម​និស្សិត​ទាំងនោះ​គ្មាន​លិខិតអនុញ្ញាត​និង​ផ្តល់​ដំណឹង និង​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត​ទេ ហើយ​ក្រុម​អាជ្ញាធរ​ហាមឃាត់​នេះ គឺ​យល់​ឃើញ​ថា ការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​នាក់ មិនមែន​ជា​ការ​ល្អ ផ្ទុយ​ទៅ​វិញ ក្រុម​អាជ្ញាធរ​ជួយ​ការពារ​សុវត្ថិភាព​ជូន​ពួក​គេ​ទៅ​វិញ​ទេ ។

ប្រភព​ពី​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ក្រុម​អាជ្ញាធរ​បាន​ត្រៀមកម្លាំង​រួច​ជា​ស្រេច ដើម្បី​ធ្វើការ​រារាំង​និង​ទប់ស្កាត់​ក្រុម​និស្សិត​ទាំងនោះ ដែល​ចង់ទៅ​តំបន់​ព្រៃ​ទ្ប​ង់ ព្រោះ​ទីនោះ​ជា​តំបន់​ក្តៅ​បំផុត​ទាក់ទង​នឹង​អំពើ​ពុករ​លួ​ួ​យ​ឃុបឃិត​គ្នា​បើកដៃ​ឱ្យ​មានការ​កាប់​ទន្ទ្រាន​ព្រៃឈើ មាន​តម្លៃ​ដោយ​គ្មាន​ការ​បង្ក្រាប​។ ដូច្នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​សង្គម រួម​ជាមួយ​សហគមន៍​ការពារ​ព្រៃឈើ​បាន​រៀបចំ​គម្រោង​ទ្បើ​ង ដើម្បី​នាំ​គ្នា​ចុះ​ទៅ​សិក្សា​ឱ្យ​ពិតប្រាកដ​ថា ការ​កាប់​បំផ្លាញ​ជាប់​ព្រំប្រទល់​៤​ខេត្ត​នោះ មានការ​ឃុបឃិត​និង​ប៉ះពាល់​ដល់​ធនធាន​ព្រៃឈើ​ក្នុង​កម្រិត​ប៉ុនណា?

ប្រភព​ដដែល​បន្ត​ថា ប្រជា​សហគមន៍​ចំនួន​៥​ឃុំ មាន​គ្នា​រាប់រយ​នាក់​បាន​ត្រៀម​ទទួល​ក្រុម​និស្សិត​ស្រាវជ្រាវ​ទាំងនោះ ដើម្បី​ជូន​ទៅ​ដល់ទី​តាំង​តំបន់​ព្រៃ​ទ្ប​ង់ តែ​ការ​រំពឹង​ទុក​នោះ​បាន​ក្លាយជា​ការ​បរាជ័យ​រហូត​ឈាន​ដល់​ពួក​គេ​សង្ស័យ​ថា មានរឿង​ពិត​នៅ​ពីក្រោយ​ខ្នង​ទើប​បង្កើត​ជា​ការ​រារាំង​ឱ្យ​ខាង​តែ​បាន​ក្នុង​សកម្មភាព​ចុះ​ទៅ​តំបន់​ព្រៃ​ឡង់​នោះ ។

ក្រោយ​ការ​ចម្រូងចម្រាស​នេះ​រួច​មក អាជ្ញាធរ​ស្រុក​បាន​សំណូមពរ​ដល់​ក្រុម​និស្សិត​ទាំងនោះ​ឱ្យទៅ​ស្នាក់​នៅ​បាន​សមរម្យ តែ​ក្រុម​និស្សិត​ទាំងនោះ​មិន​ទទួលយក​តាម​ការ​ស្នើ​នោះ​ឡើយ ដោយ​ពួក​គេ​បាន​បោះ​តង់​និង​សម្រាក​នៅ​តាម​ខ្យូ​ស​តាម​អាហារ​ដ្ឋា​ន​ក្បែរ​គល់​ស្ពាន ។ ចំណែក​សមត្ថកិច្ច​ក៏​បាន​បន្ថែម​កម្លាំង​ជា​ច្រើន​នាក់​ទៀត​ដើម្បី​ការពារ​សន្តិសុខ ។ លុះ​ព្រឹក​ឡើង​ក្រុម​និស្សិត​និង​លោក កែម ឡី អ្នក​ស្រាវ​ជាវ​សង្គម​បាន​ធ្វើ​ដំណើរ​ចាកចេញ​តាម​រថយន្ត​របស់​ពួក​គេ​ពី​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​ខេត្តព្រះវិហារ​ទាំង​មុខ​ក្រហម ។ ការ​រារាំង​នេះ​មិនដឹង​ជា​ចំណេញ​ឬ​អត់?