ជាតិ
រដ្ឋាភិបាល​បាន​ដកហូត​សិទ្ធិ​ និង​និរាករណ៍​ដី​សម្បទាន​ពី​​ក្រុមហ៊ុន​ចំនួន២៣
06, Jan 2015 , 2:18 pm        
រូបភាព
ក្រសួងបរិស្ថាន​បាននិរាករណ៍អាជ្ញាបណ្ណ​ទទួល​ដី​សម្បទាន​ពី​ក្រុមហ៊ុន​មួយចំនួន​បន្ថែមទៀត នៅ​ដើមឆ្នាំ២០១៥នេះ ដែលធ្វើ​ឲ្យចំនួន​ក្រុមហ៊ុន​សរុប ដែល​ក្រសួងបរិស្ថាន​បាន​ដកហូត​សិទ្ធិនោះ កើនឡើង​ដល់​ចំនួន​២៣ ហើយ បើគិត​ចាប់តាំងពី​ឆ្នាំ​២០១៤​មក។ ព័ត៌មាននេះ​ត្រូវបាន​ប្រកាស​ដោយ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នៅព្រឹក​ថ្ងៃ​អង្គារនេះ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ។


លោករដ្ឋមន្ត្រីវ័យក្មេងជាងគេ​ក្នុង​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា ផ្ទៃដីសម្បទាន​សរុប​របស់​ក្រុមហ៊ុនទាំង​២៣នោះ មានចំនួន៩០៦៨២ហិច​តា។ លោករដ្ឋមន្ត្រី​បានប្រាប់​ឲ្យដឹងបន្ថែម​យ៉ាង​ដូច្នេះ៖«មានក្រុមហ៊ុន៣​ដែល​បាន​ប្រគល់ដីសម្បទាន​មករដ្ឋាភិបាល​វិញ ក្នុងទំហំសរុប ២៥៨៥៥ហិច​តា។ មានក្រុមហ៊ុន​ចំនួន២ ដែល​រដ្ឋាភិបាល​កាត់បន្ថយ​ទំហំ​ដីសម្បទាន​​វិញ ពី​១០៣៨៩ហិច​តា មក​ត្រឹម២៣៥ហិច​តា និង​ក្រុមហ៊ុន​ចំនួន៤ទៀត ដែល​រដ្ឋាភិបាល​ទុក​ឱកាស ​និង​កំពុង​ត្រួតពិនិត្យ អោយ​រៀបចំ​និតិ​វិធី នៅក្នុង​អំឡុងពេល៦ខែ ទៅ ១ឆ្នាំ មាន​ទំហំ២១២៤១ហិច​តា»។

បើតាម​ការអះអាង​លោក សាយ សំ​អាល់ ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល មាន​ចំនួន១១៣ក្រុមហ៊ុន ដែលមាន​ទំហំ​ផ្ទៃដី​ជាង៥០ម៉ឺន​ហិច​តា៕



© រក្សាសិទ្ធិដោយ thmeythmey.com