(កំពត)៖ អតីតតំណាងរាស្តគណបក្សប្រឆាំង លោក វ៉ាន សំអឿន ដែលបច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ បោះឆ្នោត​ជូនគណបក្សប្រជាជន ដែលបក្សពូកែធ្វើ កុំចាញ់កលបក្សដែលពូកែថា និងសន្យាខ្យល់។

​ការអំពាវនាវ របស់លោក វ៉ាន សំអឿន ធ្វើឡើង ក្នុងកិច្ចចុះសំណេះសំណាលជាមួ​យប្រជាពលរដ្ឋប្រមាណ១៥០នាក់ នៅភូមិពែងធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។ ដោយមានការចូលរួម ពីលោក សល់ មករា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោក ម៉ាង ឆៃណាំ ទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរចូលរួមគ្រប់លំដាប់ថ្នាក់។

​​​លោក វ៉ាន សំអឿន បានសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងនាំយកក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកថា កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ​ពោពេញដោយសុខសន្តិភាព សម្បូរសប្បាយ រីកចម្រើនលើគ្រប់វិស័យ មានអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ។

លោកបានបញ្ជាក់ថា ពីអតីតកាលដូចជាសម័យ លន់ ណុល និង ប៉ុល ពត កម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាម ធ្វើឲ្យប្រជាជនរស់នៅយ៉ាងវេទនា គ្មានសេដ្ឋកិច្ច ព្រាត់ប្រាស់គ្រួសារ របួស និងស្លាប់ជាច្រើននាក់។ ជាក់ស្តែងដោយសារតែសង្គ្រាមនៅសម័យ ប៉ុល ពត ធ្វើឲ្យក្រុមគ្រួសាររបស់លោកផ្ទាល់ ចំនួន៤៤នាក់ បានស្លាប់អស់៤០នាក់ នៅរស់តែ៤នាក់ប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនបន្តទៀត ដែលបក្សពូកែធ្វើ កុំចាញ់កលបក្សពូកែថា និងសន្យាខ្យល់។ ហើយការឃោសនាបោកប្រាស់របស់ CNRP មានដូចជា ជូនចាស់ៗ៤០,០០០រៀល រ៉ៃអង្គាសលុយ ពីប្រជាពលរដ្ឋជាង៦០០,០០០ដុល្លារ ដើម្បីយកមកដំឡើងទូរទស្សន៍ព្រះអាទិត្យ ហើយបើគេឈ្នះឆ្នោត គេនឹងលុបបំណុលដែលបងប្អូនជំពាក់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុចោល នឹងផ្តល់ប្រាក់ឧបត្ថម្ភក្នុងមួយឃុំ ៥០០,០០០ដុល្លារ ទាំងអស់នេះ គឺជាការសន្យាបោកប្រាស់គ្មានការពិត។

​លោក វ៉ាន់់ សំអឿន បានលើកឡើងពីប្រវត្តិរបស់ខ្លួនខ្លះថា រូបលោក គឺជាស្ថាបនិកគណបក្សសិទ្ធិមនុស្ស ខណៈពេ​ល រូបលោក កំពុងរស់នៅរដ្ឋវ៉ាស៊ីនតោន នៅសហរដ្ឋអាមេរិកនៅឡើយ ក្នុងឆ្នាំ២០០៧ រូបលោក និងក្រុមការងារ បានរៀបចំគម្រោងផែនការ និងយុទ្ធសាស្រ្ត គោលនយោបាយគណបក្ស ហើយមានបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកជាច្រើន បានគាំទ្រ ​ឧបត្ថម្ភ និងមានសមាជិក សមាជិកាមួយចំនួន បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង ហើយមូលហេតុដែលរូបលោក លាលែង ចាកចេញពីអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ដែលមានប្រាក់បៀវត្សន៍ និងប្រាក់កញ្ចប់ប្រមាណជាង៣,០០០ដុល្លា មករួមរស់ជាមួយសម្តេចតេជោ គឺដោយសារឃើញសម្តេចតេជោដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត អភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់។

ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទំរង់ជាច្រើន ដើម្បីបម្រើប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅ កាន់តែប្រសើរឡើងដូចជា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿនដោយគិតថ្លៃ លើកលែងពន្ធប្រថាប់ត្រាជូនប្រជាពលរដ្ឋ សម្រួលមិនតម្រូវឲ្យ​ពលរដ្ឋធ្វើបណ្ណ័បើកបរ ចំពោះម៉ូតូម៉ាស៊ីនក្រោម១២៥សេសេ តំឡើងប្រាក់បៀវត្សន៍មន្រ្តីរាជការ តម្លើងប្រាក់បៀវត្សន៍កម្មករ។

ក្នុងនេះដែរ លោក វ៉ាន សំអឿន បានជម្រុញ​ពលរដ្ឋទុកដាក់អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធ ការបោះឆ្នោតឃុំសង្កាត់ឲ្យបានត្រឹមត្រូវ និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយសូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទីមួយ និងមានរូបទេវតាបាច់ផ្កា ដើម្បីបងប្អូនអាចចូលរួមការពារសន្តិភាព ដែលមាននៅបច្ចុប្បន្នឲ្យបានគង់វង្ស ព្រោះថាបើគ្មានសន្តិភាពទេ ក៏មិនមានការអភិវឌ្ឍដែរ៕