(បន្ទាយមានជ័យ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ពីព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកអូរជ្រៅ បានឲ្យដឹងថា នៅវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ កម្លាំងទាហានប៉ារ៉ារបស់ថៃប្រមាណ ៥-៦​ នាក់ បានចុះមករារាំងការឈូសឆាយធ្វើផ្លូវ របស់ក្រុមហ៊ុន សំ សុផាន់ណារិទ្ធ ដែលកំពុងធ្វើការនៅក្នុង ទឹកដីកម្ពុជា ស្ថិតនៅភូមិព្រែកចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ពាក់ព័ន្ធនឹងការចុះរារាំងខាងលើនេះ លោកឧកញ៉ា សំ​​ សុផាន់ណារិទ្ធ បានថ្លែងថា មានក្រុមទាហានប៉ារ៉ាថៃ ៥នាក់ ចុះមករារាំងការដ្ឋានធ្វើផ្លូវរបស់ ក្រុមហ៊ុនគាត់ ដែលស្ថិតនៅប្រមាណ ៤០០ម៉ែត្រ ពីបង្គោលឡាក់លេខ៤៣ នៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយការរារាំងនេះ គឺលោកបានអះអាងថា​ ជាទង្វើខុសច្បាប់ ព្រោះគាត់បានធ្វើនៅលើទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ មិនបានចូលទៅដល់ទឹកដីប្រទេសថៃនោះទេ។

សូមជម្រាបថា នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈក្រសួងមហាផ្ទៃ​ បានចេញលិខិតជាផ្លូវការមួយ ដោយសម្រេចផ្តល់សិទិ្ធទៅឲ្យក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវេឡុបមេន កាន់កាប់និងគ្រប់គ្រងដីរដ្ឋ​ទំហំ ៦៤,២៥ហិកតា នៅម្តុំច្រកទ្វារព្រំដែន៤៣ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនជូនរដ្ឋ សម្រាប់បំពេញសេចក្តីត្រូវការ ក្នុងការរៀបចំបើកឲ្យដំណើរការ ច្រកទ្វារតំបន់ព្រំដែន៤៣៕

www.freshnewsasia.com