Thursday, March 9, 2017

ទីប្រជុំជនបាត់ដំបង នៅឆ្នាំ ១៩០៧

តាំងពីយូរណាស់មកហើយ ក្រុងបាត់ដំបងមានទីតាំងនៅត្រង់ដដែល គ្រាន់តែផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ គឺលាតសន្ធឹងតាមត្រើយខាងលិច​នៃស្ទឹងសង្កែ​តាំងពីភាស៊ីស្រា (ផ្សារលើសព្វថ្ងៃ) រហូតដល់ព្រែកមហាទេ (សួនព្រែកមហាទេព)។ កាលឆ្នាំ១៩០៧​ បាត់ដំបងជាទីប្រជុំជនតូច​ មានថ្នល់តែមួយស្របតាមដងស្ទឹង (ផ្លូវលេខ១) ។ អ្នកស្រុកសង់ទីលំនៅរកេតរកូតសងខាងថ្នល់នេះ។ អ្នកប្រាជ្ញបារាំង ឈ្មោះ​ ដែឡាប៉ក បានមកធ្វើទស្សនកិច្ចនៅបាត់ដំបងកាលពីឆ្នាំ ១៨៨០​ បានសន្និដ្ឋានថា ទីប្រជុំជនបាត់ដំបង មានប្រជាជនប្រហែល ២៥០០នាក់។ គេអាចចែកទីក្រុងបាត់ដំបង នៅពេលនោះជាពីរសង្កាត់គឺ :




  • សង្កាត់មុខកំផែង

នៅត្រើយខាងលិចនៃដងស្ទឹងសង្កែ ខាងត្បូងទីប្រជុំជនមានកំផែង​ ធ្វើពីអិដ្ឋបូកបាយអរ​ បណ្តោយ ៧២០ម៉ែត្រ គឺពីត្រង់ផ្លូវបំបែកទៅប៉ៃលិន​ មកទល់និងមន្ទីរប្រៃសណីយ៍សព្វថ្ងៃ ហើយមានទទឹង ៤៨០ម៉ែត្រគឺ ពីផ្លូវលេខ ១ ដល់ក្រោយពន្ធនាគារសព្វថ្ងៃ (សព្វថ្ងៃ ផ្សារទំនើបបុរីថ្មី) ។ ប៉ុន្តែកំផែងនេះ គេរុះរើចោលនៅឆ្នាំ ១៩១០។ នៅខាងត្បូងកំផែង ត្រង់ផ្សារលើសព្វថ្ងៃ មានរោងបិតស្រា របស់លោកស្រីពិភក្តិ។ តាមដងស្ទឹង ហូរហែទៅទិសខាងជើងមានថ្នល់មួយកាត់មុខកំផែងនិង កាត់មុខទីប្រជុំជន។ មកដល់ត្រង់ជ្រុងអាគ្នេយ៍នៃកំផែង ផ្លូវថ្នល់បែកជាពីរគឺ មួយស្របតាមជើងកំផែង មួយទៀតបែកទៅមាត់ស្ទឹងទៅជួបផ្លូវទី១ ជាផ្លូវធំនៅ អូរតាគាំ។ នៅមុខក្លោងទ្វារ ទាំងពីរខាងកើតនៃ កំផែង មានផ្លូវពីរ​កាត់ទទឹង ភ្ជាប់ផ្លូវស្របកំផែង និង ផ្លូវមាត់ស្ទឹង។ 



មុខកំផែងជាសង្កាត់លំនៅឋានរបស់អភិជន មានផ្ទះថ្ម និង ផ្ទះឈើ សង់លាយចំរុះគ្នារកេតរកូត ឥតសណ្តាប់ធ្នាប់​ប្រជ្រៀតគ្នា នៅក្បែរថ្នល់ ហើយផ្ទះភាគច្រើនសង់ចុះជ្រៅទៅក្នុងស្ទឹង គឺជើងសរសេរក្រោយនៅក្នុងទឹកតែម្តង។ នៅមុខកំផែងមិនមានផ្ទះនៅខាងលិចផ្លូវទេ ពីព្រោះផ្លូវនេះស្របកៀកនិងកំផែងណាស់។ នៅជាប់ផ្លូវស្របកំផែង ពីត្បូងទៅជើង អ្នកដំណើរអាចសង្កេតឃើញផ្ទះសំខាន់ៗដូចជា ផ្ទះមហាថៃ ផ្ទះផ្យាអភ័យលឿម និង ផ្ទះថ្ម ៣ជាន់មួយខ្នង សំរាប់ទទួលកិត្តិយសដែល អ្នកស្រុកហៅថា "តឹកខ្ពស់"។ មកដល់ក្លោងទ្វារខាងជើង ខាងកើតមានទីធ្លាស្រលះ ដែលអ្នកស្រុកនាំគ្នាយក​ ផលិតផលរបស់ខ្លួនមកលក់ដូរ ហើយ និយមហៅថា "ផ្សារមុខកំផែង"  (ត្រង់សួននាគសន្តិភាព សព្វថ្ងៃ)។ ផុតពីផ្សារនេះទៅគឺជាងសង្កាត់រដ្ឋបាល ដែលមានសាលាអំភើ (ស្រុក) សាលាខ្វែង (តុលាការ) និង ប្រៃសនីយ៍ទូរលេខ។ នៅមុខវត្តសង្កែ ត្រើយខាងលិច មានផ្ទះបណ្តែតទឹកដែលគេហៅថា "ផែ" ជាទីសំរាប់ស្ត្រីក្នុងកំផែង មកចុះងូតទឹករាល់ពេលល្ងាច។ 
សូមបញ្ជាក់ នៅមុខកំផែង ត្រង់ក្លោងទ្វារពីរទាំងសងខាងលិចស្ទឹង ទាំងកើតស្ទឹង អ្នកស្រុកមិនហ៊ានសង់ផ្ទះទេ ពីព្រោះវាចំមុខកាំភ្លើងធំដែលតាំងនៅក្នុងកំផែង។ 
សង្កាត់មុខកំផែង ចប់ត្រឹមអូរមួយនៅចន្លោះកំផែង និង វត្តដំរីស (សព្វថ្ងៃសួនច្បារភ្លោះ នៅនាគបាញ់ទឹក)  ដែលហូរពីវាស្រែទៅស្ទឹងសង្កែ ហៅថា "អូរតាគាំ" ។ តាគាំជាឈ្មោះចៅហ្វាយស្រុកស្រែអន្ទាក់។ គាត់បានយកដំរីមកបញ្ជាន់ដីអោយទឹកហូរ កុំអោយលិចលង់ស្រែរបស់គាត់។ 
  • សង្កាត់ផ្សារស្វាយប៉ោ
យើងឆ្លងស្ពានឈើមួយ កាត់អូរតាគាំ តាមផ្លូវលេខ១ នៃទីក្រុង។ ចាប់ពីទីនេះទៅ ផ្ទះច្រើនតែសង់ខាងកើតថ្នល់តាមលក្ខណៈដដែល គឺ ដាក់ផ្ទះបាយទៅក្នុងស្ទឹង ដែលជាទំលាប់មួយខុសក្បួនអនាម័យ។ ផ្ទះមានច្រើនណាស់ តែយើងអាចសង្កេតឃើញនៅខាងមុខវត្ដដំរីស ខាងលិចថ្នល់ផ្ទះលោកភក្តីពាណិ្ជយ៉ាង ។ នៅខាងកើតមានផ្ទះចឹកជុយ ដែលជាធនាគារិក របស់លោកម្ចាស់ ជាអ្នកបោះប្រាក់ ប៉ែ សំរាប់ចាយនៅបាត់ដំបង។ ហួសពីនេះបន្តិចទៅត្រង់ផ្នែកសាធារណការ (សព្វថ្ងៃបុរី ស្ទឹងសង្កែ) មានផ្ទះលោកអតីតព្រះឃ្លាំងប៉ុក ដែលជាចៅហ្វាយស្រុកមង្គលបុរី។ នៅក្បែរស្ពានដែក ខាងកើតថ្នល់មុខរោងកុនសង្កែ មានគ្រឹះស្ថានពាណិជ្ជកម្មសំខាន់មួយដែលអ្នកស្រុកហៅថា ហាងរូសិល។ កាលដើម រូសិល លក់តែគ្រឿងកំប៉ិកកំប៉ុកទេ តែថ្ងៃក្រោយមក ក្លាយជា ហាងធំលក់តាំងពីសពត់អាវ​ ចានក្បាន រហូតដល់កាំភ្លើង គ្រាប់រំសេវ។ រូសិលនេះជាជនជាតិអាឡឺម៉ង់ មានកូនឈ្មោះ សៀសង់ ដែលអ្នកស្រុកនិយមហៅថា ស៊ីសងៗ ។ មកដល់ត្រង់ហាង LG សព្វថ្ងៃ មានអ្នកតាចិនមួយនៅមាត់ស្ទឹង ហើយមានផ្លូវមួយមកពីវាលស្រែ( ផ្លវបត់ទៅសាលាចិន) សំរាប់អ្នកស្រុកនាំក្របីមកផឹកទឹក។ គេហៅកន្លែងនោះថា "កំពង់ក្របី"។ នៅកំពង់ក្របី ខាងក្រោយបន្តិច មានបនស្រីពេស្យាមួយកន្លែង។
    ហួសពីកំពង់ក្របីទៅ មានតៀមចិនលក់ទំនិញ តៗរហូតដល់ទីផ្សារណាត់សព្វថ្ងៃ ដែលកាលនោះ វាគ្រាន់តែជាវាលស្រលះសំរាប់អ្នកស្រុក លក់ផលិតផលរបស់ខ្លួន។ នៅក្បែរនោះនៅក្រោមម្លប់ស្វាយមួយ យ៉ាងធំមានរោងប៉ោ ដែលជាល្បែងស៊ីសងម្យ៉ាង ទើបមានពាក្យថា "ស្វាយប៉ោ" រហូតដល់សព្វថ្ងៃនេះ។ សូមបញ្ជាក់ថា នៅសម័យលោកម្ចាស់ គេអាចជក់អាភៀន ឬ លេងល្បែងស៊ីសងបានតាមចិត្ត នៅតាមរោងល្បែង ដែលមានបងភាស៊ីជូនលោកម្ចាស់។
    បើយើងដើរហួសផ្សារណាត់ទៅខាងជើងទៀត ចំនួនផ្ទះថតចុះបន្តិចម្តងៗ ។ នៅមុខវត្តពិភិទ្ធ គេឃើញផ្ទះខាហ្លួងសៀម (សព្វថ្ងៃ ផ្នែកមួយនៃ បុរីមហាទេព)។ នៅត្រង់ទីប្រសព្វមុខព្រែកមហាទេព និងស្ទឹងសង្កែ មានទីសំចតកប៉ាល់ដែលមកពីបាក់ព្រា (សព្វថ្ងៃកន្លែងម្តុំមណ្ឌលសុខភាពស្វាយប៉ោ) ។ យើងឆ្លងព្រែកមហាទេព តាមស្ពានតូចមួយដែលរទេះគោមិនអាចបរកាត់បានទេ។ នៅខាងជើងព្រែកមហាទេព( សួនមហាទេព) មានស្ថានកុងស៊ុលបារាំងដែលគេសំគាល់បានពីចំងាយ ដោយសារដងកើយ៉ាងខ្ពស់ បង្ហូតទង់ជាតិបារាំងពណ៌ ខៀវ ស ក្រហម (សព្វថ្ងៃ មន្ទីរពេទ្យបង្អែកខេត្ត) ហួសពីស្ថានកុងស៊ុលបារាំងនេះទៅ គឺភូមិស្រុកធម្មតា។ នៅខាងកើតស្ទឹងក៏ជាភូមិអ្នកស្រុក មិនមានទីប្រជុំជនធំដុំទេ។ 

    No comments:

    Post a Comment