ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាណត្តិ​ក្រោយ​លោក ហ៊ុន សែន អាច​ឈប់​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី?
17, Apr 2015 , 5:00 pm        
រូបភាព
ដោយ:
អ្នកវិភាគ និង​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ខ្មែរ ហ៊ាន​ទស្សន៍ទាយ​ទុកជាមុន​ថា នៅ​អាណត្តិ​ក្រោយនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទំនងជា​អាច​ឈប់​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ក្រោយ ។ មូល​ហេតុដែល​ពួកគេ និយាយ​ដូច្នេះ ដោយសារ​លោក លោក ហ៊ុន សែន ចង់​មាន​កិត្តិយស​ល្អ និង​ពង្រឹង​ភាពរឹងមាំ​ក្នុង​បក្ស​ឡើងវិញ ព្រមទាំង​ដើម្បី​បន្ត​តំណែង​ឲ្យ​កូន​របស់ខ្លួន។ ជាងនេះទៀត ប្រសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក៏​ជា​មូលបទ​នៃ​កា​រស​ន្និ​ដា្ឋ​ន​របស់​អ្នកវិភាគ​ទាំងនោះ​ផងដែរ ។  អ្នកវិភាគ​អះអាងថា បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាច​ជំនួស​លោក ហ៊ុន សែន សក្តិសម​ជាងគេ​នៅ​អាណត្តិ​ក្រោយ​នោះ គឺ​លោក ស ខេង និង​លោក ហ៊ុន ម៉ា​ណែ​ត ។



លោក អ៊ូ វីរៈ និង​លោក កែម ឡី សុទ្ធតែ​ហ៊ាន​ទាយ​ទុក​ថា លោក ហ៊ុន សែន អាច​នឹង​ឈប់​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅក្នុង​ការបោះឆ្នោត​អាណត្តិ​ទី៦ ឆ្នាំ ២០១៨ ខាងមុខនេះ។ ហើយ​អ្នកតាមដាន​ស្ថានការ​ណ៍នយោបាយ​ទាំងពីរបានប្រមើល​ឃើញ ដូចគ្នា​ថាលោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​បង្កើត​លោក ហ៊ុន សែន អាច​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី​នោះ។ តែ​ហេតុផល ដែល​លោក ហ៊ុន សែន អាច​ឈប់ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ត្រូវ​អ្នកស្រាវជ្រាវ និង​អ្នកវិភាគ​នយោបាយ​ទាំងពីរ​នេះ​បរិយាយផ្សេងៗគ្នា។

លោក អ៊ូ វីរៈ អ្នកស្រាវជ្រាវ​ឯករាជ្យ និង​ជា​អ្នកវិភាគ​នយោបាយ បាន​លើក​ហេតុផល​ចំនួន ៣ ចំណុចសំ​ខាន់ ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន អាច​កាត់ចិត្ត​លែង​ស្រឡាញ់​កៅអី​នាយករដ្ឋមន្ត្រី​តទៅទៀត។ លោកវីរៈ​ប្រាប់​​​ថា ទី១ គឺ​លោក ហ៊ុន សែន ចង់​រក្សា​កិត្តិយស​ល្អ​ខ្លះ ទាំង​បច្ចុប្បន្ន និងសម្រាប់​​ប្រវត្តិសាស្ត្រ។ លោក វីរៈ​ពន្យល់​យ៉ាងនេះ​ថា៖ « បច្ចុប្បន្ន​លោក ហ៊ុន សែន ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​គ្រប់គ្នា ហើយ​បើ​គាត់​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី​នាពេលនេះ​ដោយ​ចិត្ត​ឯង អាចធ្វើ​ឲ្យ​ពលរដ្ឋ​ភាគច្រើន​បែរចិត្ត​មក​កោតសរសើរ​កា​រស​ម្រេ​ច​​ចិត្ត​របស់គាត់​វិញ»។ រីឯ​ចំណុច​ទី ២ ដែល​លោក អ៊ូ វីរៈ ចាត់ទុកថា ជា​មូលហេតុ​សំខាន់​ដែរនោះ គឺថា ​លោក ហ៊ុន សែន នឹងត្រូវ​ទទួល​តំណែង​ជា​ប្រធាន​បក្ស​ជំនួស​លោក ជា ស៊ីម។ លោក​ថា ដំណែង​ជា​ប្រធាន​បក្ស​នេះ ជា​កត្តា​មិនអាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ត​ទៅមុខទៀត។ លោក អ៊ូ វីរៈ បញ្ជាក់​បន្ថែមថា៖ «គាត់​ធ្វើជា​ប្រធាន​បក្ស ដើម្បី​គណបក្ស​នេះ​រឹងមាំ និង​រួបរួមគ្នា​ផ្ទៃក្នុង។ គាត់​មិនអាច​ធ្វើ​ប្រធាន​បក្ស​ហើយ ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀត​នោះទេ។ គាត់​ត្រូវ​នៅ​គ្រាន់តែ​ជា​ម្លប់​របស់​បក្ស​នេះ។ ហើយ​បើ​គាត់​ឈប់ បក្ស​អាច​ទាក់ទាញ​ប្រជាប្រិយភាព​ជាង​មុន» ។

ចំណុច​ចុងក្រោយ ដែលជា​ចំណុច​ទី ៣ នោះ លោក អ៊ូ វីរៈ មើលឃើញថា បើ​លោក ហ៊ុន សែន ឈប់ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី វា​អាច​បង្កលក្ខណៈ​កាន់តែ​ស្រួល ដើម្បី​ឲ្យ​កូន​របស់លោក គឺ​លោក ហ៊ុន ម៉ា​ណែ​ត អាច​បន្តវេន​ពី​លោកបាន។ លោក អ៊ូ វីរៈ អត្ថាធិប្បាយ​យ៉ាងដូច្នេះ ៖« លោក ហ៊ុន សែន នឹង​សម្លឹង​ឃើញ​អនាគត​កូន​គាត់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដើម្បី​ជំនួស​ខ្លួន» ។ តែ​យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ អះអាងថា ប្រសិនបើ​អាណត្តិ​ក្រោយ​លោក ហ៊ុន សែន ឈប់ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ភ្លាម ហើយដាក់ជំនួស​កូន​របស់ខ្លួន​តែម្តង វាក៏​នឹង​ប្រឈមមុខ​នឹង​ការបែកបាក់​ផ្ទៃក្នុង។ សម្រាប់​អ្នកវិភាគ​រូបនេះ បេក្ខជន​ដែល​សក្តិសម​នៃ​តំណែង​នាយក​មន្ត្រី​ជំនួស​លោក ហ៊ុន សែន បាន  គឺមាន​តែ​លោក ស ខេង ប៉ុណ្ណោះ។ លោក​ថា លោក ស ខេង ជា​មន្ត្រីជាន់ខ្ពស់ និង​មាន​ប្រជាប្រិយភាព​ក្នុង​ជួរ​បក្ស និង​ជាម​ន្ត្រី​ដែល​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលស្គាល់។

ងាក​មក​ចាប់អារម្មណ៍​ពី​ទស្សនៈ​លោក កែម ឡី វិញ​ម្តង។ លោក កែម ឡី ​មុននឹង​ផ្តើម​ការអត្ថាធិប្បាយ​របស់​ខ្លួន បាន​ចំអក​ឲ្យ​លោក ហ៊ុន សែន ថា «ជា​នាយករដ្ឋមន្ត្រី ដែល​មិនចេះ​ខ្មាស​គេ ពី​ព្រោះតែ​ប្រជាពលរដ្ឋ​និន្ទា​រាល់ថ្ងៃ»។ « បើ​ខ្ញុំ​ជា​គាត់​ ខ្ញុំ​ចុះចេញ​យូរបាត់​ហើយ វា​មាន​កិត្តិយស​ជាង។ ខ្ញុំ​មិន​សុខចិត្ត​ធ្វើជា​នាយករដ្ឋមន្ត្រី ដូច​គាត់ ដែល​គេ​ជេរ​រាល់ថ្ងៃ​នោះឡើយ»។ នេះ​ជាការ​ពេបជ្រាយ​របស់លោក កែម ឡី។ ក្រោយពី​ពេបជ្រាយ​ដាក់​លោក ហ៊ុន សែន រួច អ្នកវិភាគ​រូបនេះ បាន​ប្រមើលមើល​​ទុក​ដូច​លោក អ៊ូ វីរៈ​ថា អាណត្តិ​ក្រោយ លោក ហ៊ុន សែន ប្រហែលជា​នឹង​ឈប់ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ពី​ព្រោះតែ​បេក្ខភាព​របស់លោក លែងមាន​ប្រជាប្រិយភាព​ទៀតហើយ។

អ្នកវិភាគ​ខាងលើ បាន​មើលឃើញ​មនុស្ស​ដែល​អាច​ជំនួស​លោក ហ៊ុន សែន ក្នុង​ជួរ​គណបក្ស​ប្រជា​ប្រជាជន​កម្ពុជា​បាន គឺ​លោក ស ខេង និង​កូនលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ា​ណែ​ត។ « បើ​លោក ហ៊ុន សែន គាត់​ចែក​អំណាច​ឲ្យ​កូន​មន្ត្រីធំៗក្នុង​បក្ស មាន​តួនាទី​ច្រើន​ក្នុង​រដ្ឋាភិបាល គាត់​អាច​ទាញ​កូន​ខ្លួន​ចូល​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដោយ​មិនសូវមាន​ការបែកបាក់​ផ្ទៃក្នុង ។ លោក កែម ឡី បន្ត​លើកឡើង​ទៀតថា៖ «តែបើ​គាត់​ឆ្លាត​មួយទៀត គឺ​ធ្វើតាម​របប​កុម្មុយនីស្ត នៅពេល​ខ្លួន​ឈប់ លោក ហ៊ុន សែន កុំ​ទាន់​ដាក់​បេក្ខភាព​កូន​ខ្លួន​ចូល តែ​ឲ្យ​មន្ត្រីជាន់ខ្ពស់​ណាមួយ​ដូចជា លោក ស ខេង ជាដើម កាន់តំណែង​មួយរយៈ​សិន ហើយ​ចាំ​ផ្ទេរ​ឲ្យ​កូនលោក​តាម​ក្រោយ»។

ជាមួយគ្នានេះដែរ លោក កែម ឡី អះអាងថា បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​សក្តិសម​មួយទៀត​ជំនួស​លោក ហ៊ុន សែន នោះ គឺ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ហង់ ជួន ណា​រ៉ុ​ន ។ លោក​ថា លោក ហង់ ជួន ណា​រ៉ុ​ន ជា​មន្ត្រី​ដែលមាន​ឥរិយាបទ​ថ្លៃថ្នូរ និង​មាន​ចរិត​ប្រជាធិបតេយ្យ ដែល​អាច​ពង្រឹង​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។

បន្ថែម​ពីលើ​ការសន្និដ្ឋាន​របស់លោក កែម ឡី និង លោក អ៊ូ វីរៈ ដែលថា លោក ហ៊ុន សែន អាច​នឹង​លែង​ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​អាណត្តិ​ក្រោយនោះ ក៏មានក្រុម​អ្នកតាម​ដាន​ស្ថានការណ៍​នយោបាយ​ខ្លះទៀត សង្ស័យ​ដូចគ្នា​ដែរ។ ក្រុម​អ្នកចុងក្រោយនេះ​ បាន​ពិចារណាទៅលើសេចក្តីថ្លែងការណ៍មួយ​ចំនួន​​របស់​លោក​នាយករដ្ឋមន្ត្រីកន្លងមក ដែលអាច​ធ្វើឲ្យ​គេ​យល់បាន​ថា ទំនង​ជា​លោក​អាច​ឈប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ចាប់ពី​អាណត្តិក្រោយ។  ទាក់ទង​នឹង​ការកសាង​ទំនប់​វា​រី​អគ្គិសនី​តំបន់​អា​រ៉ែ​ង កាលពី​ថ្ងៃទី ២៤ ខែ កុម្ភៈ កន្លងទៅ លោក ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖« ខ្ញុំ​សូមបញ្ជាក់ថា ពី​ពេលនេះ ដល់​ឆ្នាំ២០១៨ អត់​មាន​ឲ្យ​ធ្វើ(ទំនប់​វា​រី​អគ្គិសនី​តំបន់​អា​រ៉ែ​ង) ទេ តាម​គំនិត​របស់ខ្ញុំ ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ​ជា​អ្នកធ្វើ​វិញ» ។ បន្ទាប់ពី​ថ្លែង​បែបនេះ លោក ហ៊ុន សែន បានប្រកាសថា លោក​មិន​អាចធ្វើ​នាយករដ្ឋមន្ត្រី​ដល់​អាយុ ៩០ ឆ្នាំ ដូច​ការលើកឡើង​រប​ស់​ខ្លួន​កន្លងមក​នោះទេ។ « អ្នកណា​ធ្វើ​នាយករដ្ឋមន្ត្រី​ដល់​អាយុ ៩០ ឆ្នាំ​នោះ វា​មិនដែល ឪពុក​ខ្ញុំ​រស់​បានតែ ៩០ ឆ្នាំ គាត់​ស្លាប់  …… ។ កាលនោះ​ខ្ញុំ​មូ​ម៉ៅ​ពេក ខ្ញុំ​និយាយថា ពេលនោះ​ខ្ញុំ​នៅ​ក្មេង ស្រាប់​តែមាន​ម្នាក់​នោះ និយាយថា លោក ហ៊ុន សែន មិនគួរ​យកអាយុ​ធ្វើជា​លក្ខខណ្ឌ​នៃ​ការចូល​និវត្ត​ទេ ។ កាលនោះ ខ្ញុំ​ប្រកាសថា ខ្ញុំ​ធ្វើ​នាយករដ្ឋមន្ត្រី ដល់​អាយុ ៩០ ឆ្នាំ តែម្តង។ ប៉ុន្តែ​យើង​គិត​មើល​ជួនកាល​យើង​ខ្លួនឯង​ហ្នឹង​រស់នៅ​មិន​ដល់​អាយុ ៩០ ឆ្នាំ​ផង កុំ​ថា​ដល់​ធ្វើការ» ។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយ​រដ្ឋមន្ត្រី​វ័យ ៦២ ឆ្នាំ​រូបនេះ នៅក្នុង​ទិវា​វប្បធម៌​ជាតិ ៣ មីនា នៅ​សាលចតុមុខ កន្លងទៅ។

យ៉ាណា​ក៏ដោយ នេះ​គ្រាន់តែ​ជាការ​រំពឹងទុក​របស់​លោក កែម ឡី និង លោក អ៊ូ វីរៈ ព្រមទាំង​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ខ្មែរ​ប៉ុណ្ណោះ។ តែ​ការបន្ត​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​ទៀត ឬ​មិន​បន្ត​​របស់លោក ហ៊ុន សែន នោះ មានតែ​រង់ចាំ​មើល​ការប្រកាស​ផ្ទា​ល់ពី​មាត់​លោក ហ៊ុន សែន និង​ការបោះឆ្នោត​អាណត្តិ​ក្រោយ តែប៉ុណ្ណោះ ៕



© រក្សាសិទ្ធិដោយ thmeythmey.com