អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
៦៨​ឆ្នាំក្រោយ​ការសម្លាប់​ឪពុក លោកស្រី ស៊ូ​ជី ឈានទៅ​គ្រប់គ្រង​មី​យ៉ាន់​ម៉ា​
10, Nov 2015 , 8:39 pm        
រូបភាព
ដោយ:
​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​មេដឹកនាំ​ប្រឆាំង​ដ៏​ល្បី​ម្នាក់ ដែល​តំណាងឱ្យ​ការតស៊ូ អហិង្សា ប្រឆាំង​ក្រុម​យោធា​ផ្ដាច់ការ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ លោកស្រី ស៊ូ​ជី បាន​ប្រឹងប្រែង​ឱ្យមាន ដំណើរការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​សម្រាប់​ប្រជាជន បន្ទាប់ពី​ស្ថិតនៅក្រោម​ការគ្រប់គ្រង បែប​យោធា អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។ លោកស្រី ស៊ូ​ជី ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ ខណៈ​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​។​



​វា​ប្រហែល​មិនមែន​ជាការ​ចៃដន្យ​ទេ​ដែល​លោកស្រី ស៊ូ​ជី ចូលប្រឡូក​ក្នុង​រឿង​នយោបាយ ពីព្រោះ​ឱ​ពុក​របស់​លោកស្រី គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុង សាន ជា​វីរបុរស​ទាមទារ​ឯក​រាជ្យ​របស់​មី​យ៉ាន់​ម៉ា​ពី​ចក្រភព​អង់គ្លេស​។ ជា​អកុសល លោក អ៊ុង សាន ត្រូវគេ​លួច​ធ្វើឃាត​នៅពេល​លោកស្រី ស៊ូ​ជី មាន​អាយុ​ត្រឹម​២​ឆ្នាំ​គត់​។​

​នៅ​ឆ្នាំ​១៩៦០ លោកស្រី ស៊ូ​ជី បាន​ទៅ​ប្រទេស​ឥណ្ឌា​ជាមួយ​ម្ដាយ​លោកស្រី​ដែល​ពេលនោះ​ជា​អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​ទីក្រុង​ដែ​ល្លី​។ ៤​ឆ្នាំ​ក្រោយមក លោកស្រី ស៊ូ​ជី បាន​បន្តដំណើរ​ទៅកាន់​ចក្រភព​អង់គ្លេស និង​បន្ត​ការសិក្សា​នៅ​សកលវិទ្យា​ល័យ Oxford​។ ទីនេះ​ហើយ​ដែល​លោកស្រី ស៊ូ​ជី បាន​ជួប​ជាមួយ​លោក Michael Aris ដែល​ក្រោយមក​បានក្លាយ​ជា​ស្វាមី​លោកស្រី​។ អ្នក​ទាំងពី​មានកូន​ពីរ​នាក់​គឺ  Alexander​និង Kim​។

​ជីវិត​រស់នៅ​ក្នុងប្រទេស​អង់គ្លេស​មិនបាន​ធ្វើឱ្យ​លោកស្រី ស៊ូ​ជី បំភ្លេច​ប្រទេស​កំណើត​នោះឡើយ​។ នៅ​ឆ្នាំ​១៩៨៨ លោកស្រី​បាន​ត្រលប់មក​មី​យ៉ាន់​ម៉ា​វិញ ដើម្បី​ថែទាំ​ម្ដាយ​លោកស្រី​ដែល​កំពុងមាន​ជំងឺ​។ ម្យ៉ាងទៀត ការមកដល់​របស់លោក​ស្រី គឺ​ចំពេល​នៃ​ការកើនឡើង​ចលាចល​នយោបាយ​ក្នុងប្រទេស​។  មនុស្ស​រាប់ពាន់នាក់​ភាគច្រើន​ជា​សិស្ស ព្រះសង្ឃ និង​មាន​កម្មករ​ផង​នោះ បានធ្វើ​បាតុកម្ម​ទាមទា​រ​ឱ្យមាន​កំណែទម្រង់​ប្រទេស​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​យោធា​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ នេ វីន​។​

​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​១៩៨៨ លោកស្រី ស៊ូ​ជី បានប្រកាស​ដឹកនាំ​នូវ​ចលនា​មួយ​ប្រឆាំងនឹង​ការដឹកនាំ​របស់​ក្រុម​យោធា​របស់លោក នេ វីន​។ លោកស្រី បាន​ដឹកនាំ​ការប្រមូលផ្ដុំ​មហាជន និង​ធ្វើដំណើរ​ទៅកាន់​តំបន់​ជាច្រើន ដើម្បី​ទាមទារ​ឱ្យមាន​កំណែទម្រង់​ប្រជា​ធិ​ប តេ​យ្យ និង​ការបោះឆ្នោត​ដោយ​សេរី​នៅក្នុង​មី​យ៉ាន់​ម៉ា​។

​ប៉ុន្តែ​ការប្រមូលផ្ដុំ​ទាំងនោះ ត្រូវបាន​វាយ​បង្ក្រាប​យ៉ាង​សាហាវ​ពី​សំណាក់​កងទ័ព ដែល​ក្រោយមក​បានធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​១៩៨៨ ហើយ​ឆ្នាំ​បន្ទាប់មក លោកស្រី ស៊ូ​ជី ក៏ត្រូវ​ជាប់ឃុំ​ខ្លួន​ក្នុងផ្ទះ​។ នៅ​ខែឧសភា ឆ្នាំ​១៩៩០ រដ្ឋាភិបាលយោធា​បានប្រកាស​ពី​ការបោះឆ្នោតជាតិ​។

​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​ជ័យជម្នះ ប៉ុន្តែ​ក្រុម​យោធា​មិនបាន​ផ្ទេរអំណាច​ឡើយ​។ ក្រោយ​ស្ថិតក្រោម​ការឃុំខ្លួន​អស់​រយៈពេល​៦​ឆ្នាំ លោកស្រី ស៊ូ​ជី ត្រូវបាន​ដោះលែង​នៅ​ឆ្នាំ​១៩៩៥ ។​

​នៅ​ឆ្នាំ​២០០០ លោកស្រី ស៊ូ​ជី ត្រូវ​ស្ថិតក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​ម្ដងទៀត​។ លោកស្រី​បាន​បំពាន​បម្រាម​នៃ​ការ​កំហិត​ការធ្វើដំណើរ​របស់​ក្រុម​យោធា​ដោយបាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ម៉ាន់​ដា​លេ​។ នៅ​ឆ្នាំ​២០០២ លោកស្រី​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ម្ដងទៀត​។

​ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក​លោកស្រី​ក៏ត្រូវ​ចាប់​ដាក់គុក​ដោយសារតែ​មាន​ជម្លោះ​រវាង​អ្នកគាំទ្រ​លោកស្រី​និង​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាលយោធា ហើយ​ក្រោយ​ត្រូវបាន​យកទៅ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​លោកស្រី​វិញ​។ ក្នុងការ​ឃុំខ្លួន​លើក​នេះ លោកស្រី​មាន​សិទ្ធិ​ជួប​មន្ត្រី​បក្ស​លោកស្រី និង​មន្ត្រីការទូត​មួយចំនួន​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល​នៃ​ការឃុំខ្លួន​ក្នុងផ្ទះ លោកស្រី ស៊ូ​ជី មិនដែល​បាន​ជួប​ជាមួយ ប្ដី​និង​កូន​ទាំងពីរ​សោះឡើយ សូម្បី​នៅពេល​ប្ដី​លោកស្រី​ស្លាប់​ដោយ​ជំងឺមហារីក​នៅ​ឆ្នាំ​១៩៩៩ ក៏​លោកស្រី​មិន​ទៅ​ចូលរួម​ផង​។ តាមពិតទៅ ក្រុម​យោធា​ក៏​ធ្លាប់​អនុញ្ញាតឱ្យ​លោកស្រី​ទៅ​មើល​ស្វាមី​ដែរ តែ​លោកស្រី​បាន​បដិសេធ​ព្រោះ​លោកស្រី​គិតថា នៅពេល​ចាក​ចេញពី​ប្រទេស​ហើយ លោកស្រី​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​មកវិញ​បានឡើយ​។

​ការឃុំខ្លួន​ចុងក្រោយ​របស់លោក​ស្រី​បានបញ្ចប់​កាលពី​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១០ ។ កូនប្រុស​លោកស្រី​ក៏ត្រូវ​បានអនុញ្ញាត​ឱ្យមក​ជួប​ជា​លើកដំបូង​។ បន្ទាប់មកទៀត លោកស្រី​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​សម្រាប់​បំពេញ​កៅអី​សមាជិកសភា​ដែល​នៅ​ទំនេរ​នៅ​ឆ្នាំ​២០១២ ។ គណបក្ស​លោកស្រី​ទទួលបាន​កៅអី​៤៣​ក្នុងចំណោម​កៅអី​ប្រកួតប្រជែង​សរុប​៤៥ ។ លោ​ស្រី ស៊ូ​ជី​ក៏បាន​ក្លាយជា​សមាជិកសភា​ជា​លើកដំបូង​ក្នុង​ជីវិត​នយោបាយ​។  

​យ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញ​ដែល​សរសេរ​ដោយ​ក្រុម​យោធា បាន​ហាម​មិនឱ្យ​លោកស្រី ធ្វើជា​ប្រធានាធិបតី​ឡើយ​។ រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​បាន​ហាម​មិន ឱ្យ​បេក្ខជន​ប្រធានាធិបតី មានគ្រួសារ​ជា​ជនបរទេស គឺ​ចង់​សំដៅ​ដល់​កូនប្រុស​លោកស្រី​ដែលមាន​សញ្ជាតិ​អង់គ្លេស មិនមាន​សញ្ជាតិ​មី​យ៉ាន់​ម៉ា​៕

អត្ថបទទាក់ទង៖ លោក ថេ​ន សេន នឹង​ក្លាយជា​និមិត្តរូប​នៃ​កំណែទម្រង់ បើ​គាត់​ទទួលស្គាល់​បរាជ័យ


Tag:
 ​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com