អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​បង្ហាញ​លទ្ធផល​បឋមនៃ​ការ​ស្រាវ​ជ្រាវ​ស្នាម​មេដៃ​ក្នុង​ញត្តិ​គណបក្ស​សង្គ្រោះ​ជាតិ

ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​សន្និសីទ​កាសែត​មួយ បង្ហាញ​ពី​លទ្ធផល​បឋម​នៃ​ការ​ស៊ើប​អង្កេត​ស្នាម​មេដៃ នៅ​ក្នុង​ញត្តិ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​ព្រះ​មហាក្សត្រ​។ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​គូស​បញ្ជាក់​ថា គណៈកម្មការ​​ស្រាវ​ជ្រាវ​ស្នាម​មេដៃ បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន ក្នុង​នោះ ញត្តិ​ដែល​សង្គ្រោះ​ជាតិ​អះអាង​ថា​មាន​ចំនួន​ស្នាម​មេដៃ​របស់​មនុស្ស​១៧​ម៉ឺន​នាក់ ជាក់​ស្ដែង​តាម​ការ​ស្រាវ​ជ្រាវ គឺ​មាន​មិនដល់ ​១៧​ម៉ឺន​នាក់​ឡើយ។

ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​បង្ហាញ​ពី​លទ្ធផល​បឋម​នៃ​ភាព​ប្រក្រតី​ លើ​ញត្តិ​របស់​បក្ស​សង្រ្គោះ​ជាតិ ​បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ ​បាន​ជិត​ពាក់​កណ្តាល​នៃ​ញត្តិ​សរុប។​
ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​បង្ហាញ​ពី​លទ្ធផល​បឋម​នៃ​ភាព​ប្រក្រតី​ លើ​ញត្តិ​របស់​បក្ស​សង្រ្គោះ​ជាតិ ​បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ ​បាន​ជិត​ពាក់​កណ្តាល​នៃ​ញត្តិ​សរុប។​ @Srey Sopheak
ផ្សាយពាណិជ្ជកម្ម

 

ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​សុក្រ​នេះ បាន​បង្ហាញ​ពី​លទ្ធផល​បឋម​នៃ​ភាព​ប្រក្រតី​ លើ​ញត្តិ​របស់​បក្ស​សង្រ្គោះ​ជាតិ បន្ទាប់​ពី​ធ្វើ​កោសល្យ​វិច័យ​ស្នាមមេដៃ បាន​ជិត​ពាក់​កណ្តាល​នៃ​ញត្តិ​សរុប។ លោក ​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជាក់​ពី ភាព​ខុស​ឆ្គង​ទៅ​លើ តួលេខ និង​អត្តសញ្ញាណ​របស់​បុគ្គល ដែល​បាន​ផ្តិត​មេដៃ​លើ​ញត្តិ ដែល​បាន​ថ្វាយ​មហា​ក្សត្រ កាល​ពី​ថ្ងៃ ៣០ ឧសភា កន្លងមក។ លោក​បាន​ថ្លែង​ថា ដោយ​ផ្អែក​លើ​លទ្ធផល​របស់ គណៈកម្មការ​កោសល្យវិច័យ​ស្នាម​មេដៃ​ ក្នុង​ចំណោម​ញត្តិ ១៨​ដុំ និង​មេដៃ​ពលរដ្ឋ​ជាង ១៧ម៉ឺន (១៧៣,១៤៥)​នាក់ អះអាង​ដោយ​បក្ស​សង្គ្រោះ​ជាតិ មក​ពី ២៥​រាជ​ធានី​ខេត្ត ក្រោយ​ត្រួត​ពិនិត្យ​មាន​ឈ្មោះ​សរុប​លើ​ញត្តិ ត្រឹម​តែ​ជិត ១៧ម៉ឺន (១៦៩,៦០៣) នាក់​ហើយ មកពី ​២១ រាជធានី​ខេត្ត ប៉ុណ្ណោះ គ្មាន​ឡើយ​ស្នាម​មេដៃ​ក្នុង​ខេត្ត​ពោធិ៍សាត់ កោះកុង ក្រចេះ និង​ឧត្តរមានជ័យ។ ​

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បន្ថែម​ថា គិតត្រឹម​​ ឈ្មោះ​បុគ្គល​លើ​ញត្តិ ៨ម៉ឺន (៨០៥០២) ​នាក់ ការ​ផ្ទៀងផ្ទាត់​ទូទៅ​រក​ឃើញ​ថា ញត្តិ​មាន​ឈ្មោះ មាន​ស្នាម​មេដៃ តែ​អត់​អាស័យដ្ឋាន​សោះ មាន​ជាង ២ម៉ឺន​៦ពាន់ (២.៦៩៥៣)នាក់​ ញត្តិ​ខ្លះ​មាន​ឈ្មោះ​គ្មាន​ស្នាម​មេដៃ ឬ​មាន​ស្នាម​មេដៃ​តែ​អត់​ឈ្មោះ​ ឬ​មាន​អាស័យដ្ឋាន​ត្រឹម ក្រុង ស្រុក ខណ្ឌ។ លោក ខៀវ សុភ័គ បាន​បញ្ជាក់​ថា ភាព​មិន​ប្រក្រតី ដែល​ធំ​ជាង​គេ គឺ​មាន​ស្នាម​មេដៃ ៧៣៨ ផ្តិត​ច្រើន​ដង​លើ​ឈ្មោះ​អ្នក​ដទៃ ខណៈ​ស្នាម​មេដៃ​ខ្លះ​ផ្តិត ៨៨ដង ស្នាម​មេដៃ​បុគ្គល​ខ្លះ ផ្តិត​ម្រាម​ទាំង ៧ម្រាម លើ​ញត្តិ​ផ្សេង​គ្នា​ និង​បុគ្គល ស្លាប់ ៧៧នាក់ ក៏​មាន​ស្នាម​មេដៃ​នៅ​លើ​ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​ដែរ។

លោក ​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បង្ហើប​អោយ​ដឹង​ថា ក្រសួង​កំពុង​រង់ចាំ​គោលការណ៍​បន្ត​ពី​រដ្ឋាភិបាល ដើម្បី​មាន​វិធានការណ៍​លើ​លទ្ធផល​មិន​ប្រក្រតី​ទាំង​នេះ។

​នាយក​ឧត្តម​សេនីយ៍ លោក កង សុខន អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​បន្ថែម​ថា នេះ​ជា​លទ្ធផល ដែល​គណៈកម្មការ​កោសលវិច្ឆ័យ បាន​រាយការណ៍​មក​ក្រសួង​មហាផ្ទៃ។ បច្ចុប្បន្ន​ក្រសួង​មហាផ្ទៃ បាន​បង្គាប់​អោយ អគ្គស្នង​ការដ្ឋាន​នគរបាល ស៊ើប​អង្កេត​លើ​លទ្ធផល​នេះ​បន្ត។ ទាំង​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរបាល​ មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ កាល​បរិច្ឆេទ​ចុង​ក្រោយ នៃ​លទ្ធផល​ត្រួត​ពិនិត្យ​ស្នាមមេដៃ​លើ​ញត្តិ​ទាំង​អស់។

ទោះបី​ជា​យ៉ាង​ណា មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ លោក អេង ឆៃអ៊ាង ហាក់​មិន​ចាប់​អារម្មណ៍​នឹង​លទ្ធផល​បឋម​នេះ​ឡើយ ដោយ​លោក​ចាត់​ទុក​ថា​វា​គ្រាន់​តែ​ជា​ឆាក​ល្ខោន​មួយ ក្នុង​គោលដៅ​បំបិត​សិទ្ធិ​ពលរដ្ឋ អោយ​ភ័យខ្លាច មិន​ហ៊ាន​សម្តែង​មតិ​ប៉ុណ្ណោះ។ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​បន្ថែម​ថា​បក្ស​សង្រ្គោះ​ជាតិ កំពុង​បន្ត​ញត្តិ​ពី​ពលរដ្ឋ​ បាន ២០ម៉ឺន ស្នាម​មេដៃ ដើម្បី​រង់ចាំ​ពេល​វេលា​សមរម្យ​ដាក់ថ្វាយ​មហាក្សត្រ ដើម្បី​ស្នើ​អន្តរាគមន៍​ទម្លាក់​ការ​ចោទ​ប្រកាន់ ដោះលែង​អ្នក​នយោបាយ និង​សកម្មជន​សិទ្ធិ​មនុស្ស​ដែលកំពុង​ជាប់​ឃុំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ