ក្រុមហ៊ុនអាកាសចរទាំងអស់​ទទួលបាន​បញ្ជា​ហាមឃាត់​មិនឲ្យ​ដឹក​លោកសម រង្ស៊ី​ចូល​កម្ពុជា​វិញ​

21-10-2016 10:00 pm

​ក្រោមបញ្ជាពីលោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន គណៈកម្មាធិការសន្តិសុខអាកាសយានដ្ឋានអន្តរជាតិ បាន​ដាក់​ចេញ​វិធាន​ការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្កា​រ​ទុក​មុន ក្នុងការ​ទប់ស្កាត់​លោកសម រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ កុំ​ឱ្យ​វិល​ត្រឡប់មក​កម្ពុជាវិញ ដោយ​​​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​បានដឹង​ជាមុន​។​

បើតាមលិខិតរបស់លោក​តឹក​រ៉េត សំរេច រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ​ជម្រាបជូន​លោកសុខ ផល អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យដឹងថា៖

១.ក្រុមហ៊ុន​អាកាសចរ​ទាំង​អស់​​​ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​មក​ក​ម្ពុ​ជា មិន​ត្រូវ​​អនុញ្ញាត​ឲ្យ​បុគ្គ​នេះ ឡើង​យន្តហោះ​មក​កម្ពុជា​ទេ ហើយ​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់​ក្នុងករណី​បុគ្គល​នេះ​មក​ទិញ​​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​មក​កម្ពុជា​។

២.ក្នុងករណី​ដែល​បុគ្គល សម រង្ស៊ី ធ្វើដំណើរ​មក​កម្ពុ​ជាតា​មរយៈ​យន្តហោះ​ណាមួយ យន្តហោះ​នោះ​នឹងត្រូវ​បង្វែរ​ឲ្យ​វិលត្រឡប់​ទៅកាន់​អាកាសយានដ្ឋាន​ដើម​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ចុះចត​នៅ​កម្ពុជា​ឡើយ​។

៣.ក្នុងករណី​យន្តហោះ​ដឹក​បុគ្គល សម រង្ស៊ី ចុះចត​នៅ​អាកាសយានដ្ឋាន​ណាមួយ​នៅ​កម្ពុជា នឹងមិន​​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាក​ចេញពី​យន្តហោះ​ឡើយ នឹងត្រូវ​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ​។

៤.ក្នុងករណី​ដែល​បុគ្គល​នេះបាន​ចាកចេញ​ផុតពី​យន្តហោះ នគរបាល​អន្តោប្រវេសន៍​ត្រូវ​ចាត់វិធានការ​​តាម​ផ្លូវ​​ច្បាប់ ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះចូលក្នុង​កម្ពុជា​បាន និង​ចាត់វិធានការ​ផ្សេងទៀត​តាម​ការចាំបាច់៕​ ដោយៈ អឿន ភារ៉ា​

 ពាក្យគន្លឹះ  លោកសម រង្ស៊ី

ព័ត៌មានផ្សេងទៀត