ភ្នំពេញៈ ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​​បុរី​កីឡា​ ១១ ​គ្រួសារ ​ដែល​នៅ​សេស​សល់​មិន​ទាន់​បាន​សំណង​ នៅ​ព្រឹកថ្ងៃទី ​១៧ ខែ​មករា​នេះ​ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ នៅ​ខាង​មុខ​ផ្ទះ​លោកស្រី​ ស៊ុយ​ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ីមិច​ ដើម្បី​ទារ​សំណង​ជា​ទឹក​ប្រាក់​ប្រមាណ​ ២ ម៉ឺន​ ទៅ​ ២ ម៉ឺន ​៥ ពាន់​ដុល្លារ​ ជាថ្នូរ​នឹង​ការ​ឈូស​ឆាយ​ផ្ទះ​សំបែង​របស់​ពួក​គេ​កាល​ពី​ឆ្នាំ​ ២០១២​ នៅ​ក្នុង​ខណ្ឌ​ ៧ ​មករា​។

អ្នកស្រី​ ង៉ូវ​ ណារី​ តំណាង​សហគមន៍​បុរី​កីឡា​បាន​លើក​ឡើង​ថា​ ក្រុម​អ្នកស្រី​ចំនួន​ ១១​ គ្រួសារ​ដែល​មិន​ទាន់​​ទទួល​បាន​សំណង​ បាន​នាំ​គ្នា​ទៅ​ទាមទារ​តវ៉ា​នៅ​ខាង​មុខ​ផ្ទះ​ លោកស្រី​ ស៊ុយ សុផាន​ ប្រធាន​ក្រុម​ហ៊ុន​ផាន​អ៊ីមិច​នេះ ​ដើម្បី​ចចារ​សំណង​ប្រមាណ​ ២ ម៉ឺន​ ទៅ​ ២ ​ម៉ឺន ៥ ​ពាន់​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​ឈូស​ឆាយ​ផ្ទះ​សំបែង​របស់​ពួក​គេ​ កាល​ពី​ឆ្នាំ ​២០១២​។

អ្នក​ស្រី​ បន្ត​ថា​ កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​មករា​នេះ​ អ្នក​ស្រី​បាន​ជួប​ចចារ​គ្នា​ជាមួយ​លោក​ លឹម សុភា​ អភិ​បាល​ខណ្ឌ​ ៧​ មករា​ ម្ដង​ហើយ​ ប៉ុន្ដែ​លោក​អភិ​បាល​ខណ្ឌ​ បាន​សុំ​ផ្ដល់​សំណង​ចំនួន​ ១៥.០០០ ​ដុល្លារ​ទេ​ ដោយ​ក្រុម​អ្នកស្រី​ទាម​ទារ​ ២ ​ម៉ឺន​ដល់​ ២៥.០០០​ ដុល្លារ​អាមេរិក​។

អ្នក​ស្រី​ បញ្ជាក់​ថា​៖ «ពួក​ខ្ញុំ​ទាមទារ​ប៉ុណ្ណឹង​ លោក​អភិបាល​ខណ្ឌ​ ហាក់​មិន​មាន​យោបល់​អ្វី​បន្ថែម​ទេ​ ដោយ​គ្រាន់​តែ​សុំ​ឲ្យ​ក្រុម​ខ្ញុំ​ទទួល​យក​សំណង​ ដែល​គាត់​ផ្ដល់​ឲ្យ​ និង​សុំ​ឲ្យ​ឈប់​ធ្វើ​ការ​តវ៉ា​។ ហើយ​ខ្ញុំ​ថា​ ខ្ញុំ​នឹង​មិន​ឈប់​ទេ​ បើ​នៅ​មិន​ទាន់​ឲ្យ​សំណង​ខ្ញុំ​គ្រប់​គ្រាន់​»។

អ្នកស្រី​ បន្ថែម​ថា ក្រុម​គាត់​នៅ​ប្រកាន់​យក​ជំហរ​ដដែលដោយ​សុំ​សំណងពី​ ២ ម៉ឺន​ទៅ ២ ម៉ឺន ​៥​ ពាន់​ដុល្លារ ហើយ​ថា​នឹង​បន្ត​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ផ្ទះ​ លោក​ស្រី​ ស៊ុយ​ សុផាន​ ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​ពន្លឿន​ការ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​ដែល​នៅ​សេស​សល់​ និង​តប​តាម​ការ​ស្នើ​សុំ​នេះ។

រយៈ​ពេល​៧​ឆ្នាំ​ហើយ​ ពោល​ គឺ​ចាប់​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១២​ មក​អ្នក​ភូមិ​បុរី​កីឡា​ដែល​នៅ​សេសសល់​ចំនួន​ ៣៨៤​​ គ្រួសារ​ ត្រូវ​បាន​ក្រុមហ៊ុន​ ផាន អ៊ីម៉ិច​ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដាក់​កម្លាំង​សមត្ថកិច្ច​ និង​សន្តិសុខ​ក្រុមហ៊ុន ទៅ​ឈូស​ឆាយ​ផ្ទះ​របស់​ពួក​គាត់។

អាជ្ញាធរ​បាន​ដឹក​អ្នក​បុរីកីឡាខ្លះ យក​ទៅ​ដាក់​​ទួល​សំបូរ និង​ភ្នំ​បាត ដែល​មាន​ចម្ងាយ​ប្រមាណ ៤០​ គីឡូ​ម៉ែត្រ​ពី​ក្រុង​ភ្នំពេញ។ សព្វ​ថ្ងៃ​មាន​អ្នក​បុរីកីឡា ១១ ​គ្រួសារ នៅ​មិន​ទាន់​ទទួល​សំណង​បន្ត​ក្រាញ​រស់នៅ​បុរី​កីឡា លើ​គំនរ​សំរាម​ក្រោម​កៅស៊ូ​តង់​ក្តៅ និង​ក្រោម​ជណ្ដើរ​អគារ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ ផាន ​អ៊ីម៉ិច សង់​អគារ​ស្នាក់ ២ ​បន្ថែម​ទៀត​តាម​កិច្ច​សន្យា៕