ជាតិ
នយោបាយជាតិ
លោក ជា ចំរើន ថានឹងដោះលែងអ្នកជាប់គុកគ្មានទោសទាំងអស់ បើបក្សលោកមានសំឡេងក្នុងសភា
× អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជា ចំរើន បានប្រកាសថា រូបលោក នឹងស្វះស្វែងរកដំណោះស្រាយយ៉ាងណា ដើម្បីលើកលែងទោសឲ្យអ្នកជាប់ពន្ធនាគារដោយភាពអយុត្តិធម៌ទាំងអស់ នៅទូទាំងប្រទេស ប្រសិនបើគណបក្សកម្ពុជាសេរីភាពរបស់លោកទទួលបានអាសនៈក្នុងរដ្ឋសភា នាអាណត្តិទី៦ នៃឆ្នាំ២០១៨ ខាងមុខនេះ។ ការអះអាងរបស់លោកដូច្នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ជុំវិញហេតុផលនៃការចាកចេញពីបក្សកាន់អំណាច និងមូលហេតុនៃការបង្កើតគណបក្សផ្ទាល់ខ្លួន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សាន់វ៉េ នាថ្ងៃទី២៥ វិច្ឆិកា ម្សិលមិញ។
បើទោះបីជាគណបក្សថ្មីនេះមិនទាន់ដំណើរជាផ្លូវការក៏ពិតមែន ប៉ុន្តែលោក ជា ចំរើន ដែលជាស្ថាបនិកបក្ស បានបើកជំហរពីគោលនយោបាយជាចម្បងមួយរបស់គណបក្ស គឺការសិក្សាស្រាវជ្រាវពីបញ្ហអ្នកជាប់ពន្ធនាគារនៅទូទាំងប្រទេស ដើម្បីឲ្យដឹងថា តើប្រជាពលរដ្ឋកម្ពុជាប៉ុន្មាននាក់ ដែលជាប់ទោសដោយអយុត្តិធម៌ពីប្រព័ន្ធតុលាការ។ លោកបញ្ជាក់បែបនេះថា៖ «មានភាពអយុត្តិធម៌ច្រើនណាស់ រហូតដល់អ្នកខ្លះជាប់គុកដោយឥតហេតុផល។ ដូច្នេះយើងនឹងចាប់ផ្តើមសិក្សាឡើងវិញ ថាតើមនុស្សប៉ុន្មាននាក់ដែលរងនៅឥទ្ធិពលអយុត្តិធម៌ពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។
លើសពីនេះទៅទៀតនោះ លោក ជា ចំរើន ថែមទាំងប្តេជ្ញាចិត្តថា រូបលោកនឹងស្វែងរកយុត្តិធម៌ជូនអ្នកជាប់ពន្ធនាគារដែលគ្មានទោសកំហុសទាំងអស់ ប្រសិនបើបក្សខ្លួនមានសំឡេងក្នុងរដ្ឋសភា នាអាណត្តិថ្មី នៃឆ្នាំ២០១៨ ។ លោកបានសង្កត់ធ្ងន់ៗដូច្នេះថា៖ «ប្រព័ន្ធតុលាការបច្ចុប្បន្ននេះ បានផ្តល់ភាពអយុត្តិធម៌ច្រើនណាស់ដល់ប្រជាពលរដ្ឋ។ អ្នកខ្លះពុំមានទោសទេ តែបែរជាជាប់ទោស។ ប្រសិនបើគណបក្សយើង បានសំឡេងនៅក្នុងរដ្ឋសភា ក្នុងអាណត្តិ២០១៨នេះ អ្នកជាប់ទោសនៅក្នុងពន្ធនាគារ ដែលទាក់ទងនឹងភាពអយុត្តិធម៌ នឹងត្រូវបានលើកលែងទោសទាំងអស់គ្មានឲ្យសេសសល់ឡើយ»។
ថ្វីដ្បិតតែ គណបក្សកម្ពុជាសេរីភាព ពុំទាន់អនុម័តគោលនយោបាយជាផ្លូវការក៏ដោយ តែបក្សថ្មីនេះ បានកំណត់នូវគោលនយោបាយជាអាទិភាពមួយចំនួនក្នុងបេសកកម្មនយោបាយរបស់ខ្លួនរួចរាល់ហើយ មានដូចជា ការបណ្តុះបណ្តាលប្រជាពលរដ្ឋពី លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិ, ការកែប្រែប្រព័ន្ធតុលាការ, ការបង្កើនការងារ, ការពង្រឹងវិស័យកសិកម្ម និងការដោះស្រាយបញ្ហាប្រាក់ខែកម្មករ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ លោក ជា ចំរើន នឹងដាក់ពាក់សុំបង្កើតគណបក្សទៅកាន់ក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា លោក ជា ចំរើន បានក្លាយជាសមាជិកនៃបក្សប្រជាជនកម្ពុជាតាំងឆ្នាំ ១៩៩៣ មកម្ល៉េះ ហើយលោក ក៏ធ្លាប់ជាប់ឆ្នោតជាតំណារាស្ត្រផងដែរ កាលពីអាណត្តិទី៤ ។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ រូបលោក បានដាក់លិខិត សូមលាលែងពីសមាជិកគណបក្សប្រជាជនកម្ពុជា ហើយនៅថ្ងៃទី២០ វិច្ឆិកា គណបក្សក៏សម្រេចឲ្យលាឈប់ពីបក្ស តាមសំណើររបស់លោក៕
© រក្សាសិទ្ធិដោយ thmeythmey.com