អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ​៖ ខ្ញុំ​ដឹកនាំ​ប្រទេស​រហូតដល់​ថ្ងៃ​ស្លាប់​
09, Feb 2016 , 11:22 am        
រូបភាព

​មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ​រ៉ូបឺត មូ​ហ្កា​បេ (Robert Mugabe)  ឈានដល់​វ័យ ៩២ ឆ្នាំ​ហើយ ប៉ុន្តែ​លោក​មិនទាន់​ចេញពី​តំណែង​ឡើយ​។ ស្ថានភាព​សុខភាព​របស់លោក​ជារួម​កាន់តែ​ទ្រុឌទ្រោម ភ្លេចភ្លាំង​ច្រើន និង​វង្វេងវង្វាន់​ខ្លាំង រហូតដល់​អាន​សុន្ទរកថា​ខុស​ផង​ក៏មាន​។ ខណៈដែល​មានការ​រិះគន់​លោក​ខ្លាំង​ដែល​មិន​ព្រម​ផ្ទេរអំណាច  មូ​ហ្កា​បេ​បានប្រកាសថា លោក​នឹង​ដឹកនាំ​ប្រទេស​រហូត​ដល់ពេល​លោក​ស្លាប់​។ ប៉ុន្តែ​ថ្វីបើ​លោក​នៅក្នុង​តំណែង​ក៏ដោយ ជារួម​កិច្ចការ​នយោបាយ​ធំៗ​ក្នុងប្រទេស​ដែល​លោក​ធ្លាប់​កាន់ ត្រូវ​ភរិយា​របស់លោក ដែលជា​ស្ត្រី​ខ្លាំង​នៃ​ស៊ីម​បា​វ៉េ​កាន់កាប់​ជំនួស​វិញ​ម្តង​។  

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖ 


 
​លោក រ៉ូបឺត មូ​ហ្កា​បេ ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេដឹកនាំ​ផ្តាច់ការ​ក្រាញ​អំណាច​នៅ​ស៊ីម​បា​វ៉េ​។ បច្ចុប្បន្ននេះ​លោក​ឈានចូល​វ័យ ៩២ ឆ្នាំ​ហើយ ហើយ​លោក​បាន​ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ ១៩៨០ តាម​ការបោះឆ្នោត​ក្រោយ​ការទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​និង​បញ្ចប់​ជម្លោះជាតិសាសន៍​ក្នុងប្រទេស​ជា​ផ្លូវការ​។ គេ​មិន​រំពឹងថា មេដឹកនាំ​ជរា​មួយ​នេះ​នឹង​ផ្ទេរអំណាច​ឆាប់ៗ​ឡើយ ទោះ​ស្ថានភាព​សុខភាព​របស់លោក​កាន់តែ​ខ្សោយ ខួរក្បាល​កាន់តែ​ស្ទក់ និង​មិនអាច​បំពេញការងារ​ដូច​ធម្មតា​បាន​ក៏ដោយ​។​
 
​ក្រៅពី​សុខភាព​ខ្សោយ និង​ជា​មេដឹកនាំ​ផ្តាច់ការ លោក​និង​ក្រុមគ្រួសារ​រស់នៅ​សោយសុខ​លើទឹក​ដី​ដ៏​ក្រីក្រ​ដែល​ប្រជាជន​រស់នៅ​លំបាក​វេទនា​ព្រោះ​វិបត្តិ​សេដ្ឋកិច្ច​។ គ្រាន់តែ​ខួបកំណើត​របស់លោក​កាលពី​ឆ្នាំ ២០១៥ លោក​ចំណាយលុយ​រហូតដល់ ១​លាន​ដុល្លារ ហើយ​ភរិយា​របស់លោក​ដែលជា​ស្ត្រី​ទីមួយ​នោះ​ក៏ត្រូវ​លោកខាងលិច​ទិតៀន​ខ្លាំង​ព្រោះ​ចាយវាយ​ខ្ជះខ្ជាយ​មិនចេះ​គិត​ដែរ​។  
 
 ១.​អ្នកណា​គេ​ជា រ៉ូបឺត មូ​ហ្កា​បេ ?
​លោក មូ​ហ្កា​បេ កើត​នៅក្នុង​ឆ្នាំ ១៩២៤ ហើយ​លោក​បាន​ផ្លាស់​ប្តូរជីវិត​ពី​គ្រូបង្រៀន​មកជា​វីរជន​ដែល​ទាមទារ​ឯករាជ្យ និង​ជា​មេដឹកនាំ​ចលនានយោបាយ​ដ៏​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​។ លោក បានក្លាយ​មេដឹកនាំ ចលនា​ទាមទារ​ឯករាជ្យ​ពី​មហាអំណាច​អង់គ្លេស ដោយ​លោក​ដឹកនាំ​ចលនា​មួយ​ដែលមាន​ឈ្មោះថា សហភាព​ជាតិ​អាហ្វ្រិក​ស៊ីម​បា​វ៉េ (ZANU )​ក្នុង​ឆ្នាំ ១៩៦០ ។ ក្នុង​ឆ្នាំ ១៩៦៤ រដ្ឋាភិបាល​ស្ថិតក្រោម​ម្ចាស់​អាណានិគម​អង់គ្លេស​បានសម្រេច​ហាម​មិន​ឲ្យ​ចលនា​របស់លោក​បន្តទៅ​មុខ​ទៀត ហើយ​លោក​ក៏ត្រូវ​គេ​ចាប់​ឃុំឃាំង​ទៀត​។ មួយឆ្នាំ​ក្រោយមក ក្រុម​ជនជាតិភាគតិច​ស្បែ​កស បានប្រកាស​ឯករាជ្យ​ពី​អង់គ្លេស​ជា​ឯកតោភាគី ហើយ​បង្កើត របប​ដឹកនាំ​រើសអើង​ពូជសាសន៍​មួយ​ដែល​ក្រុម​ស្បែក​ស​កាន់កាប់​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ ។ តែ​ការរៀបចំ​នេះ​រង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​និង​ប្រជាជន​ស៊ីម​បា​វ៉េ​។ ១០ ឆ្នាំក្រោយ​លោក​ត្រូវគេ​ដោះលែង​ពី​ពន្ធនាគារ ហើយ​លោក​បាន​ត្រលប់​ចូល​ឆាកនយោបាយ​វិញ ប៉ុន្តែ​លោក​ត្រូវ​រត់​ភាគ​ខ្លួន​ទៅកាន់​ប្រទេសជិតខាង ម៉ូ​ហ្សាំ​ប៊ី​ក ដើម្បី​តស៊ូ​ប្រឆាំង​របប​ដឹកនាំ​ដែល​រើសអើង​ពូជសាសន៍ ហើយ​លោក​បានជា​អ្នក​ជឿជាក់​លើ​លទ្ធិ​ម៉ៅ និង ម៉ាក ផងដែរ​។ ក្នុង​ឆ្នាំ ១៩៧៧ លោក​បាន​ត្រលប់មក​កាន់កាប់ សហភាព​ជាតិ​អាហ្វ្រិក​ស៊ីម​បា​វ៉េ (ZANU ) ពេញដៃពេញជើង និង​គ្រប់គ្រង​កងកម្លាំង​យោធា​ប្រឆាំង​របប​ដឹកនាំ​រើសអើង​ពូជសាសន៍​នៅ​ស៊ីម​បា​វ៉ា​ផងដែរ​។ កងទ័ព​របស់លោក ភាគច្រើន​ទទួលបាន​ជំនួយ​ពី​ប្រទេស​អឺរ៉ុប​ខាងកើត និង​ប្រទេស​សង្គមនិយម​មួយចំនួន​នៅ​អាស៊ី​ផងដែរ​។ ដល់​ឆ្នាំ ១៩៧៩ អង់គ្លេស​ចេញមុខ​ជួយ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ផ្សះផ្សា​រវាង​ជនជាតិ​ស្បែ​កស និង ស្បែក​ខ្មៅ  ប្រមែរ​ប្រមូល​គណបក្ស​ជាច្រើន​មក​រួមគ្នា បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​ឆ្នាំ ១៩៨០​ផង​។ ក្នុងការ​បោះឆ្នោត​លោក មូ​ហ្កា​បេ ត្រូវគេ​បោះឆ្នោត​ឲ្យ​កាន់តំណែង​នាយករដ្ឋមន្ត្រី ហើយ​លោក​បាន​កាន់កាប់​ប្រទេស​រហូត​ដណ្តើមបាន​តំណែង​ប្រមុខរដ្ឋ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។   លោក​តែងតែ​ឈ្នះ​រាល់​ការបោះឆ្នោត ដែល​ពោរពេញ​ដោយ​ភាពចម្រូងចម្រាស មានការ​បន្លំ​សន្លឹកឆ្នោត និង គំរាមកំហែង ថែម​ទៀតផង​។ ហើយ​អ្នកណា​ដែលមាន​បំណង​ចង់​ដណ្តើម​អំណាច​ពី​លោក​នឹង​មិនមាន​លទ្ធផល​ល្អ​ឡើយ​។ កាលពី​ឆ្នាំមុន លោក​បានសម្រេច​ដកតំណែង​មន្ត្រី​ធំៗ​ជាច្រើន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្តួលរំលំ​លោក​ពី​អំណាច​និង មាន​មន្ត្រី​ខ្លះ​រង​ការចាប់ខ្លួន​ផងដែរ​។​
 
២.​លោក មូ​ហ្កា​បេ ចាស់​ខ្លាំង​រហូត​វង្វេងវង្វាន់ និង​ដើរ​មិន​ចង់​រួច​
​គិត​ត្រឹម​ចុងខែ​កុម្ភៈ​ឆ្នាំនេះ លោក មូ​ហ្កា​បេ បាន​ឈានដល់​អាយុ ៩២​ឆ្នាំ​ហើយ​។ វ័យ​កាន់តែ​ចាស់​ខ្លាំង ហើយ​សុខភាព​លោក​កាន់តែ​ទ្រុឌទ្រោម​ទៅៗ រហូតដល់រ​វ​ង្វ​ង​និយាយ​មិនដឹង​ខុស​ផង​ពេលខ្លះ​។ រឿង​ដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​នោះ​កាលពី​ឆ្នាំ ២០១៥ កន្លងទៅ លោក មូ​ហ្កា​បេ វង្វេង​រហូត​អាន​សុន្ទរកថា ខុស​ក្នុង​ពិធី​បើក​កិច្ចប្រជុំសភា​ស៊ីម​បា​វ៉េ តែ​លោក​មិនបាន​ដឹងខ្លួន​សោះ​។ សន្ទរកថា នោះ​ត្រូវបាន​លោក​យកទៅ​ប្រើប្រាស់​ម្តង​ហើយ​ក្នុង​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្វ្រិក ប៉ុន្មាន​ខែ​មុន​កិច្ចប្រជុំសភា​។ អ្នកនយោបាយ​បក្សប្រឆាំង​នាំគ្នា​ចម្អក និង​សម្តែង​ការហួសចិត្ត​ចំពោះ​មេដឹកនាំ​ដ៏​ចំណាស់​រូបនេះ​ដែរ​។   
 
​មួយវិញទៀត​នៅ នៅ​ដើមខែ​កុម្ភៈ​ឆ្នាំមុន​ដែរ មេដឹកនាំ​ផ្តាច់ការ​រូបនេះ បាន​ដើរ​ដួល​ធ្លាក់​ពីលើ​វេទិកា ក្រោយ​ផ្តល់​សុន្ទរកថា​ទៅកាន់​អ្នកគាំទ្រ​រួច​។​អ្នកសារព័ត៌មាន​ដែល​ថតរូប​បាន ត្រូវ​អង្គរក្ស​លោក​បង្ខំ​ឲ្យ​លុប​រូបភាព​ចោល ហើយ​រដ្ឋាភិបាល​ចេញមុខ​បកស្រាយ​ថា​គ្មាន​រឿង​អ្វី​កើតឡើង​ចំពោះ​លោក មូ​ហ្កា​បេ​ឡើយ​។  តែ​នៅក្នុង​កិច្ចប្រជុំ ឥណ្ឌា អាហ្វ្រិក​នៅ​ទីក្រុង​ឌេ​លី  គ្រប់គ្នា​មើលឃើញថា សុខភាព​លោក មូ​ហ្កា​បេ ពិតជា​ខ្សោយ​ខ្លាំងណាស់​។ លោក​ដើរ យ៉ាង​ញញីញញ័រ គ្មាន​កម្លាំងកំហែង​សូម្បីតែ​ឡើងជណ្តើរ​ទៅ​ចាប់ដៃ​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា​ម៉ូ​ឌី​មិន​រួច​ផង​។ តើ​លោក​នឹង​កាន់តំណែង​រហូត​១០០​ឆ្នាំ​ឬ​? 
 
៣. មូ​ហ្កា​បេ​៖ «​ខ្ញុំ​នឹង​កាន់តំណែង​ទាល់តែ​ដល់​ថ្ងៃ​ស្លាប់​»
​មិនមែន​ត្រឹម ១០០​ឆ្នាំ​ទេ លោក មូ​ហ្កា​បេ បាន​ប្រាប់​មេដឹកនាំ​អាហ្វ្រិក​ឯទៀត​ថា លោក​នឹង​កាន់តំណែង​រហូតដល់​លោក​ស្លាប់​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្វ្រិក លោក មូ​ហ្កា​បេ  បានបញ្ជាក់​៖« ខ្ញុំ​នឹង​នៅ​កាន់តំណែង​រហូតដល់​ទេវតា​ហៅ​លោក​ឲ្យ​ទៅជា​មួយ​។ ដរាបណា​ខ្ញុំ​មានជីវិត ខ្ញុំ​នឹង​ដឹកនាំ​ប្រទេស ឲ្យ​លូតលាស់​ទៅមុខ មិនមែន​ថយក្រោយ​ឡើយ​»​។  បើ​លោ​កនៅ​ឈរឈ្មោះ កុំ​សង្ឃឹមថា មាន​អ្នកណា​ផ្សេងទៀត​ឈ្នះឆ្នោត​ឲ្យ​សោះ ហើយ ប្រហែលជា​លោក​នឹង​សម្រេច​ជោគជ័យ​ក្នុងការ​ដឹកនាំ​ប្រទេស​រហូតដល់​អាយុ ១០០​ឆ្នាំ​។  កន្លងមក​ក្នុងការ​បោះឆ្នោត លោក​ថ្លែងថា បើសិនជា​លោក​ចាញ់ឆ្នោត វា​មានន័យថា​ប្រជាជន​លែង​ត្រូវការ​លោក​ហើយ តែបើ​លោក​នៅជាប់​ឆ្នោត មានន័យថា ប្រជាជន​ពេញចិត្ត​នឹង​ការដឹកនាំ​ប្រទេស​របស់លោក​។​
 
៤. អំណាច​ពិត​របស់លោក នៅក្នុង​កណ្តាប់ដៃ​ប្រពន្ធ​ដែលជា​អតីត​លេខា​ផ្ទាល់​ប៉ុណ្ណោះ​
​តាមពិតទៅ អំណាច​ទាំងអស់​របស់លោក ត្រូវបាន​រៀបចំ​ផ្ទេរ​ទៅ​ឲ្យ​ភរិយា​របស់លោក ដែលជា​ស្ត្រី​ទីមួយ Grace Mugabe ។ ស្ត្រី​ទីមួយ​នេះ​ចាប់ផ្តើម​កាន់កាប់​ការងារ​សំខាន់ៗ របស់​ប្រធានាធិបតី ហើយ​លោកស្រី​ក៏​កាន់​តែមាន​ប្រជាប្រិយភាព​ខ្ពស់​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ បច្ចុប្បន្ន​កិច្ចការបក្ស​ក៏ត្រូវ​ឆ្លង​ការសម្រេច​របស់លោក​ស្រី​ជាមុន​ដែរ ហើយ​លោកស្រី​ជា​អ្នកកំណត់​ឬ​អនុញ្ញាត​ឲ្យ​មានការ​អនុវត្ត​គោលនយោបាយ​ជាតិ​ផងដែរ​។ អ្វីដែល​សំខាន់​លោកស្រី​ក៏​ជា​អ្នកបញ្ជា​ឲ្យ​គេ​បោសសម្អាត​ដល់​មនុស្ស​ដែល​លោកស្រី​ចាត់ទុកថា មិន​ស្មោះត្រង់​ជាមួយ​ស្វាមី​លោកស្រី​ដែរ​។ គេ​រំពឹងថា ទោះជា​លោក មូ​ហ្កា​បេ​ស្លាប់​ក៏ដោយ ភរិយា​របស់លោក​នឹង​បន្ត​ស្នង​តំណែង​ប្រធានាធិបតី​និង​ដឹកនាំ​គណបក្សកាន់អំណាច​តទៅ​មុខ​ទៀត​។ 
 
 Grace Mugabe មាន​វ័យ ៥០​ឆ្នាំ ហើយ​លោកស្រី​ដើមឡើយ​ជា​លេខា​ផ្ទាល់​របស់លោក មូ​ហ្កា​បេ ប៉ុណ្ណោះ​។ ដោយសារតែ​ភរិយា​ទីមួយ​របស់លោក មូ​ហ្កា​បេ ស្លាប់ លោក​ក៏​សម្រេច​រៀបការ​ជាមួយ​លេខា​ផ្ទាល់​នេះ​តែម្តង​៕
 
 
 

Tag:
 ​ស៊ីម​បា​វ៉េ​
 
© រក្សាសិទ្ធិដោយ thmeythmey.com