បទយកការណ៍ / បទសម្ភាសន៍
លោក ម៉ុង ឬទ្ធី និងលោក គួច ម៉េងលី ចំណាយថវិកាច្រើនលានដុល្លារធ្វើការងារសប្បុរសធម៌
× ភ្នំពេញ៖ លោក ម៉ុង ឬទ្ធី បានចំណាយថវិកាផ្ទាល់ខ្លួនពី២០ទៅ៣០លានដុល្លារ ដើម្បីសកម្មភាពមនុស្សសធម៌ដល់អ្នកក្រីក្រ។ លោក ម៉ុង ឬទ្ធី បំពេញតួនាទីជាឧកញ៉ា ដែលព្រះមហាក្សត្រប្រទានឲ្យមករូបលោក និងបំពេញតួនាទីជាប្រធានគណៈកម្មការទី៣នៃព្រឹត្តិសភា គឺតំណាងឲ្យប្រជារាស្ត្រ ជាពិសេសនោះ គឺរូបលោកធ្លាប់ជាជនក្រីក្រផងដែរ។ នេះជាការពន្យល់ពីមូលហេតុដែលរូបលោក បរិច្ចាគថវិកាផ្ទាស់ខ្លួនជាច្រើនលានដុល្លារ អស់រយៈពេលជាង៣០ឆ្នាំមកនេះ ដើម្បីជួយអ្នកក្រីក្រ។
រីឯលោក វេជ្ជបណ្ឌិត គួច ម៉េងលី វិញ លោកបានបង្កើតសកម្មភាពសប្បុរសធម៌ជាង១០ឆ្នាំ ដើម្បីជួយដល់ជនក្រីក្រ ដូចជាសកម្មភាពព្យាបាលអ្នកក្រីក្រនៅតាមជនបទ ជួយអ្នកជួយគ្រោះមហន្តរាយ ការដឹកនាំបុគ្គលិក និងសិស្សរបស់លោកដើម្បីបរិច្ចាគឈាម និងកម្មវិធីចែកបរប ដល់អ្នកក្រីក្រ។ ល។ រយៈពេល១៣ឆ្នាំមកនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានចំណាយថវិកាផ្ទាល់ខ្លួន រួមទាំងថវិកាសប្បុរជនមួយចំនួនទៀត សរុបអស់ជិត៦លានដុល្លារមកហើយ ដើម្បីធ្វើការងារសប្បុរសធម៌ទាំងនេះ។ បច្ចុប្បន្នលោកវេជ្ជបណ្ឌិត គ្រោងនឹងបង្កើតសាលារៀននៅតាមជនបទ ដើម្បីផ្តល់ឱកាសដល់អ្នកក្រីក្របានរៀនសូត្រផងដែរ។
សកម្មភាពសប្បុរសធម៌នេះ នៅតែជំរុញទឹកចិត្តលោកឧកញ៉ា ម៉ុង ឬទ្ធី និងលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឲ្យជួយដល់អ្នកក្រីក្របន្តទៀត៕
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍ខ្លីពីរដាច់ដោយឡែកពីគ្នា រវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ម៉ុង ឬទ្ធី និងលោកវេជ្ជបណ្ឌិត គួច ម៉េងលី ដូចតទៅ៖
សម្ភាសន៍លោក ម៉ុង ឬទ្ធី
សម្ភាសន៍លោកវេជ្ជបណ្ឌិត គួច ម៉េងលី
ឧកញ៉ា
( បទពាក្យប្រាំបី )
១. ឧកញ៉ាជាងារដ៏ប្រសើរក្រៃ ជនខ្មែរប្រពៃទើបទទួលបាន
គោរមងារមានតាំងពីបុរាណ អង្គក្សត្រទ្រង់បានព្រះរាជទានថ្លៃ។
២. ឧកញ៉ាអាចជាអ្នកមុខអ្នកជា ដែលមានមុខងារថ្នាក់សេនាបតី
ស្តេចក្រាញ់ មេទ័ព ចៅហ្វាយដែនដី ឬមួយឈ្មួញក្តីដែលមានស្នាដៃ។
៣. ឧកញ៉ានាសង្គមរាស្ត្រនិយម នៅក្នុងសង្គមសម្បូរស្នាដៃ
ខុសពីឧកញ៉ានាពេលសម័យ ដែលមានស្នាដៃត្រឹមប្រាក់ដុល្លារ។
៤. ឧកញ៉ានៅក្នុងសម័យសង្គម ទទួលគោរមដ៏ល្អថ្លៃថ្លា
ជាបុគ្គលដែលមានភាពអស្ចារ្យ ទូទាំងរដ្ឋាគួរឲ្យស្ញប់ស្ងែង។
៥. ឧកញ៉ាក្នុងសម័យបច្ចុប្បន្ន ទទួលស័ក្ដបុណ្យដើម្បីសម្ញែង
យកទៅរកសីុឲ្យគេខ្លាចក្រែង បង្ហាញខ្លួនឯងមានងារឧត្តម។
៦. ឧកញ៉ាពីមុនមានជាងដប់រូប ឥឡូវឡើងគ្រប់ប្រាំពីររយចំ
នេះមិនបានរាប់ឧកញ៉ាថ្មីផ្សំ បើរាប់ឲ្យមាំប្រាំពីររយម្ភៃ។
៧. ឧកញ៉ាច្រើនគួរតែចម្រើនជាតិ តែឧកញ៉ាឆ្លៀតរិះរកលកលៃ
ធ្វើយ៉ាងណាស្រវាឲ្យពេញដៃ ទោះជាតិខ្លួនក្ស័យក៏មិនគិតគន់។
៨. ឧកញ៉ាដែលល្អកម្របានជួប ស្ទើរតែមិនជួបដូចសង្គមមុន
ខ្ញុំសូមលើកពីរសប្បុរសជន ដែលមិនលោភលន់បំពានប្រជា។
៩. ឧកញ៉ាម៉ុង រឹទ្ធី ដែលប្រពៃ គាត់តែលកលៃរករបរជា
មិនកែងប្រវ័ញមិនជិះជាន់គ្នា ទុកកម្មករជាមនុស្សស្មើរតម្លៃ។
១០. ឧកញ៉ាគួច ម៉េងលី ជាទីគាប់ រូបគាត់ផ្ទាល់ធ្លាប់ជួបអភ័ព្វក្រៃ
ទើបគាត់ជួយខ្មែរដោយឥតសំចៃ ស្ទើររៀងរាល់ថ្ងៃដល់ជាតិខេមរា។
* ចៅហ្វាយដែនដី = ចៅហ្វាយខេត្ត
ទី សារឿន : ១៨.០៧.២០១៥
(ផ្តល់សិទ្ធិដោយ៖ Facebook Page យើងជាខ្មែរ គួរតែដឹង)
© រក្សាសិទ្ធិដោយ thmeythmey.com